ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ចិន មានសមត្ថភាពផលិត និងផ្គត់ផ្គង់រថយន្តអគ្គិសនីលើស ១០លានគ្រឿងក្នុងមួយឆ្នាំ

២១ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

វិស័យយានយន្តអគ្គិសនីរបស់ប្រទេសចិន បានឈានដល់ចំណុចសំខាន់មួយទៀតហើយ ដោយមានបរិមាណផលិតកម្មប្រចាំឆ្នាំ លើសកម្រិតកំណត់ ១០លានគ្រឿង ដែលបង្កជាការព្រួយបារម្ភអំពី សមត្ថភាពលើសចំណុះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

សមាគមក្រុមហ៊ុនផលិតរថយន្តចិន ដែលជាសម្ព័ន្ធឧស្សាហកម្មគាំទ្រដោយរដ្ឋាភិបាលចិន បានប្រកាសថា យានយន្តអគ្គិសនីទី ១០លាន បានបញ្ចប់ខ្សែសង្វាក់ផលិតកម្ម កាលពីពាក់កណ្តាលខែវិច្ឆិកានេះ ដែលតួលេខនេះបានកើនឡើង ៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


ខណៈពេលដែលផលិតកម្មយានយន្តអគ្គិសនីកើនឡើង គឺឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រទេសចិន នៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងការបង្កើនចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ក្នុងស្រុក ចំពោះរថយន្តឆ្លាតវៃ យ៉ាងណា វាក៏បានបង្កើនការភ័យខ្លាចនៃសមត្ថភាពលើស នៅក្នុងវិស័យរថយន្តរបស់ចិន ហើយរថយន្តដែលប្រើសាំង ត្រូវបានបដិសេធដោយអ្នកទិញ។

 


យោងតាមក្រុមហ៊ុនប្រឹក្សា Automobility ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន មានសមត្ថភាពផលិតរថយន្តគ្រប់ប្រភេទ ៤០លានគ្រឿងក្នុងមួយឆ្នាំ និងការលក់បានប្រហែល ២២លានគ្រឿង។សមាគមក្រុមហ៊ុនផលិតរថយន្តចិន បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ ២០២៤ រថយន្តសាំង និងអគ្គិសនីចំនួន ១៧លានគ្រឿង ត្រូវបានលក់នៅលើទីផ្សារប្រទេសចិន ក្នុងនោះរថយន្តអគ្គិសនីសរុប ៩លាន ៧សែនគ្រឿង ត្រូវបានប្រគល់ទៅឱ្យអតិថិជន នៅចន្លោះខែមករាដល់ខែតុលា កើនឡើង ៣៤% ធៀបនឹងឆ្នាំមុន។

 


សូមជម្រាបថា ប្រទេសចិន គឺជាប្រទេសនាំមុខគេលើពិភពលោកនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ជាមួយនឹងការលក់រថយន្តអគ្គិសនីសុទ្ធ និងរថយន្ត Plug-in Hybrid មានចំនួន ៦៥% នៃចំនួនសរុបទូទាំងពិភពលោក នៅក្នុងឆមាសទី១ នៃឆ្នាំ ២០២៤៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024