ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
សហរដ្ឋអាមេរិក ឱ្យដឹងថា ស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន បានបើកដំណើរការឡើងវិញនៅល្ងាចថ្ងៃពុធ ក្រោយស្ថានទូតបានបិទ ដោយសារមូលហេតុដែលលើកឡើងជាការគំរាមកំហែងវាយប្រហារដែនអាកាស គឺនៅ១ថ្ងៃ ក្រោយពេលដែលអ៊ុយក្រែនប្រើប្រាស់មីស៊ីលអាមេរិកវាយប្រហារលើទឹកដីនៃប្រទេសរុស្ស៊ី។
ឯកអគ្គរដ្ឋទូតអាមេរិកបានឱ្យសារព័ត៌មានអ៊ុយក្រែនដឹងយ៉ាងដូច្នេះ«ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកៀវ បានចាប់ផ្តើមដំណើរការឡើងវិញ ក្រោយបិទជាបណ្តោះអាសន្ន»។
«យើងបន្តលើកទឹកចិត្តឱ្យប្រជាជនអាមេរិកឱ្យរក្សាការប្រុងប្រយ័ត្ន, តាមដានប្រភពផ្លូវការរបស់អ៊ុយក្រែនសម្រាប់ដំណឹងថ្មីចុងក្រោយបំផុត និងត្រៀមខ្លួនរកទីកន្លែងជ្រកកោន ប្រសិនបើមានការជូនដំណឹងពីការវាយប្រហារដែនអាកាស»។
ប្រភពរដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យដឹងថា ការបិទស្ថានទូតគឺទាក់ទងនឹងការគំរាមកំហែងនៃការវាយប្រហារដែនអាកាស។ ស្ថានទូតអ៊ីតាលី និងស្ថានទូតក្រិក ឱ្យដឹងថា ស្ថានទូតពួកគេ ក៏បានបិទទ្វារផងដែរ។ ស្ថានទូតបារាំង នៅតែបើកទ្វារ ប៉ុន្តែបានដាស់តឿនឱ្យប្រជាជនរបស់ខ្លួនរក្សាការប្រុងប្រយ័ត្ន។
នៅមុននេះ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យអ្នកសារព័ត៌មានដឹងថា ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងកៀវ រំពឹងនឹងបើកដំណើរការជាធម្មតាឡើងវិញនៅថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) ក្រោយការរគំរាមកំហែងផ្នែកសន្តិសុខ។
ប្រែសម្រួល៖ណាវ័ន្ត