ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

អ៊ីស្រាអែលផ្ដល់រង្វាន់ ៥លានដុល្លារ ដល់អ្នកដែលបានដោះលែង ឬប្រគល់ចំណាប់ខ្មាំងបានម្នាក់

២០ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 


ក្នុងពេលធ្វើដំណើរទៅកាន់ច្រកណេតហ្សារីម (Netzarim) កាលពីថ្ងៃអង្គារ លោក នេតាន់យ៉ាហ៊ូ បានប្រកាសថា ប្រាក់រង្វាន់៥លានដុល្លារ និងផ្លូវចេញដោយសុវត្ថិភាពពីតំបន់ហ្គាហ្សានឹងត្រូវផ្តល់ជូនដល់អ្នកណាក៏ដោយឱ្យតែបានជួយបញ្ជូនចំណាប់ខ្មាំងម្នាក់មកវិញដោយសុវត្ថិភាព។ ប៉ុន្តែលោក នេតាន់យ៉ាហ៊ូ ក៏ព្រមានដែរថា អ្នកណាហ៊ានធ្វើបាបចំណាប់ខ្មាំងរបស់អ៊ីស្រាអែល អ្នកនោះនឹងត្រូវបង់ខាតព្រោះអ៊ីស្រាអែលនឹងត្រូវដេញតាមកម្ទេចអ្នកនោះឱ្យខាងតែបាន។

 

 

ទោះយ៉ាងណា លោកក៏បានទុកផ្លូវសម្រាប់អ្នកដែលចង់ចាកចេញពីការឡោមព័ទ្ធនេះដែរដោយសន្យាថានឹងជួយការពារសុវត្ថិភាពចំពោះអ្នកដែលបានប្រគល់ចំណាប់ខ្មាំងដល់អ៊ីស្រាអែលព្រមទាំងក្រុមគ្រួសាររបស់ពួកគេផងដែរ។ ដូច្នេះហើយលោកបានបញ្ជាក់ថា ជម្រើសគឺស្ថិតនៅក្នុងដៃរបស់ពួកគេហើយ ប៉ុន្តែទោះយ៉ាងណា លទ្ធផលគឺដូចតែគ្នាទេគឺថាទីបំផុតអ៊ីស្រាអែលនឹងតាមស្វែងរកចំណាប់ខ្មាំងទាំងអស់យកមកវិញឱ្យទាល់តែបាន។

 

 

សូមរំលឹកថា សង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងបន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង១ពាន់នាក់ និងចាប់ពង្រត់មនុស្សជាង២០០នាក់ ខណៈពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិចជាង៤ម៉ឺននាក់បានស្លាប់ និងជាង១០ម៉ឺនបានរងរបួសមកដល់ពេលនេះ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024