ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ប្រេស៊ីល អំពាវនាវឱ្យឈប់ខ្ជះខ្ជាយប្រាក់លើការផលិតអាវុធ ហើយងាកមកជួយសង្គ្រោះភពផែនដី

២០ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 


ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលជី២០នៅទីក្រុងរីយ៉ូដែលទើបបញ្ចប់កាលពីថ្ងៃអង្គារ ប្រធានាធិបតីប្រេស៊ីលលោក លី្វស អ៊ីណាស៊ីយ៉ូ លូឡា ដាស៊ីលវ៉ា បានជំរុញឱ្យមេដឹកនាំក្រុមប្រទេសជី២០ផ្តល់អាទិភាពដល់ការប្រែប្រួលអាកាសធាតុ និងឈប់ខ្ជះខ្ជាយប្រាក់រាប់ទ្រីលានដុល្លារលើការផលិតសព្វាវុធដោយងាកមកជួយសង្គ្រោះភពផែនដីជំនួសវិញ។ លោក លូឡា បាននិយាយថា ក្រុមប្រទេសជី២០គួរតែបង្វែរទឹកប្រាក់រាប់ទ្រីលានដុល្លារសម្រាប់ផលិតអាវុធទាំងនោះយកទៅជួយដល់កម្មវិធីអាកាសធាតុរបស់អង្គការសហប្រជាជាតិមួយចំនួនដូចជាកម្មវិធី COP30 និងកម្មវិធី COP29 ជាដើមដើម្បីជួយស្រោចស្រង់ភពផែនដីកុំឱ្យឡើងកម្ដៅជាសកល។

 

 

លោក លូឡា បានប្រាប់ក្រុមប្រទេសជី២០ថា ពួកគេត្រូវការអភិបាលកិច្ចអាកាសធាតុកាន់តែរឹងមាំ ហើយវាគ្មានន័យទេក្នុងការចរចាស្វែងរកការប្តេជ្ញាចិត្តថ្មីនោះ ប្រសិនបើពួកគេគ្មានយន្តការប្រសិទ្ធភាពណាមួយក្នុងការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុទេនោះ។ លោក លូឡា ក៏បានអញ្ជើញសហគមន៍អន្តរជាតិឱ្យពិចារណាអំពីការបង្កើតក្រុមប្រឹក្សាប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិមួយដើម្បីបង្រួបបង្រួមតួអង្គ សំខាន់ៗដែលលោកនិយាយថា«មានការបែកបាក់គ្នា»។

 

 

សូមរំលឹកថា ប្រទេសជី២០មានចំនួន៨៥%នៃសេដ្ឋកិច្ចពិភពលោក និងបានរួមចំណែកដល់ការធ្វើឱ្យឡើងកម្ដៅពិភពលោកជាងបីភាគបួនផងដែរ៕
 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024