ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
គណៈកម្មការអឺរ៉ុប បានធ្វើការវាយតម្លៃ និងទម្លាក់ការព្យាករលើ ទស្សនវិស័យកំណើនរបស់ សហភាពអឺរ៉ុបសម្រាប់ឆ្នាំ ២០២៤ មកនៅត្រឹម ០,៩%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។របាយការណ៍របស់គណៈកម្មាការអឺរ៉ុប បានកាត់បន្ថយចក្ខុវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ ២០២4 របស់សហភាពអឺរ៉ុប មកនៅត្រឹម ០,៩% ដោយទម្លាក់មកពី ការព្យាករណ៍ពីមុន ១,៣%។
នៅក្នុងឆ្នាំ ២០២៥ខាងមុខ សកម្មភាពសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងបង្កើនល្បឿនដល់ ១,៥% នៅក្នុងសហភាពអឺរ៉ុប។ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់ និងហានិភ័យធ្លាក់ចុះ ចំពោះទស្សនវិស័យសេដ្ឋកិច្ចបានកើនឡើង តួយ៉ាង ហានិភ័យសំខាន់ៗ រួមមាន ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ដែលបានបង្កើនអស្ថិរភាពភូមិសាស្ត្រនយោបាយ និងកង្វល់សន្តិសុខថាមពល។
ចំពោះស្ថានភាពក្នុងស្រុក សហភាពអឺរ៉ុប ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃគោលនយោបាយ និងបញ្ហាប្រឈមរចនាសម្ព័ន្ធក្នុងវិស័យផលិតកម្ម ដែលអាចនាំឱ្យបាត់បង់ការប្រកួតប្រជែង កាត់បន្ថយកំណើន និងប៉ះពាល់ដល់ទីផ្សារការងារ។គណៈកម្មការអឺរ៉ុបក៏បានលើកឡើងពី គ្រោះថ្នាក់ធម្មជាតិ ដូចជាទឹកជំនន់នាពេលថ្មីៗនេះនៅក្នុងប្រទេសអេស្ប៉ាញ និងភ្លើងឆេះព្រៃនៅរដូវក្តៅ ដែលជាហានិភ័យដ៏សំខាន់។
គណៈកម្មាការបានព្រមានថា ការកើនឡើងបន្ថែមទៀតនៃ វិធានការការពារដោយដៃគូពាណិជ្ជកម្ម អាចរំខានដល់ពាណិជ្ជកម្មពិភពលោក និងដាក់បន្ទុកទៅលើ សេដ្ឋកិច្ចបើកចំហររបស់សហភាពអឺរ៉ុប។សូមជម្រាបថា នៅក្នុងសហភាពអឺរ៉ុប អតិផរណា ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី ៥,៤% នៅឆ្នាំ ២០២៣ មកត្រឹម ២,៤% នៅឆ្នាំ ២០២៤ និងចុះដល់ ២,១% នៅឆ្នាំ ២០២៥៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ