ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្នុងរយៈពេល ១០ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤នេះ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១២ពាន់លានដុល្លារអាមេរិក មានកំណើន ២៣% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា អំឡុងពេល ១០ខែនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ១ពាន់ ៤រយលានដុល្លារអាមេរិក កើន ២១% ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅ ១០ពាន់ ៩រយលានដុល្លារអាមេរិក កើន ២៣% ដែលធ្វើឲ្យ កម្ពុជា កើតនូវ ឱនភាពពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារអាមេរិក។
បន្ថែមលើនេះ កម្ពុជា ក៏ត្រូវការវត្ថុធាតុដើមច្រើននាំចូលមកពីប្រទេសចិន ដូចជា វត្ថុធាតុដើមនៅក្នុងវិស័យកាត់ដេរ កាបូប ស្បែកជើង ដើម្បីកែច្នៃ និងនាំចេញទៅវិញ។
ក្រៅពីប្រទេសចិន ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ខណៈទីផ្សារនាំចេញធំៗរួមមាន អាមេរិក ចិន វៀតណាម ជប៉ុន ថៃ និងកាណាដា។
ជាមួយគ្នានេះ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មទំនិញជាង ៤៥ពាន់លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ១៦% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ