ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ Mastercard តភ្ជាប់ជាមួយកម្មវិធីទូទាត់បាគងទេសចរ ដែលអនុញ្ញាត អ្នកប្រើប្រាស់ អាចផ្ទេរប្រាក់ពីគណនី Mastercard របស់ពួកគេទៅកាន់កាបូបបាគងទេសចររបស់ពួកគេ ដើម្បីធ្វើការទូទាត់កាន់តែងាយស្រួល។
នាឱកាសសម្ពោធដាក់ឱ្យដំណើរការ Mastercard ជាមួយកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកានេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីពេលឥឡូវនេះ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ពីគណនី Mastercard របស់ពួកគេទៅកាន់កាបូប បាគងទេសចររបស់ពួកគេ ដែលធ្វើឱ្យការទូទាត់ កាន់តែងាយស្រួល។
លោកជំទាវ បន្តថា លក្ខណៈពិសេសខាងលើនេះ ផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់ទឹកប្រាក់ក្នុងគណនី Mastercard របស់ពួកគេ បញ្ចូនទៅកាន់គណនីបាគងទេសចរ ហើយអាចធ្វើការទិញ ការកក់ និងការគ្រប់គ្រងការចំណាយដោយមិនប្រើប្រាស់សាច់ប្រាក់ ឬប្រើបញ្ជរប្តូរ រូបិយប័ណ្ណជាដើម។
បន្ថែមលើនេះ លោកជំទាវ បានបញ្ជាក់ថា កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរអន្តរជាតិធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវា នៅតាមហាងទំនិញប្រមាណ ៤លានកន្លែងទូទាំងប្រទេសកម្ពុជា។
ស្របគ្នានេះដែរ លោក Sapan Shah អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Mastercard ទទួលបន្ទុកផលិតផលប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ដែរថា កម្មវិធីបាគងទេសចរ នឹងផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ប្រាក់ឌីជីថលប្រកបដោយសុវត្ថិភាព ដោយគ្មានដែនកំណត់សម្រាប់ទាំងភ្ញៀវទេសចរ និងអាជីវកម្មក្នុងស្រុក ហើយវានឹងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ និងកាន់តែងាយស្រួលសម្រាប់អ្នកទេសចរក្នុងការស្វែងយល់ និងរីករាយជាមួយប្រទេសកម្ពុជា។ ជាពិសេសជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យ ប្រព័ន្ធបាគងរបស់កម្ពុជា អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹង អំណាចទិញរបស់អ្នកប្រើប្រាស់កាត Mastercard ដែលមានជាង ២ពាន់លាននាក់។
ជាក់ស្តែង ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា អាចធ្វើការទាញយក កម្មវិធីទូទាត់បាគងទេសចរ និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មកអាចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគង ជាការស្រេច (ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន)។
សូមជម្រាបថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះ មានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀតបាន និងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។ ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគង មានចំនួន ២២២លានប្រតិបត្តិការ ក្នុងនោះ ៩៨លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤លានប្រតិបត្តិការ ជាប្រាក់ដុល្លារអាមេរិក និងមានទំហំជាប្រាក់រៀលចំនួន ៧៧ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន ៤៦ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត