ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងពាណិជ្ជកម្មកម្ពុជា បាននាំយកនូវផលិតផលក្នុងស្រុកជាង ១០០មុខចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិ នៅទីក្រុងសៀងហៃ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនចិន សំដៅលើកកម្ពស់ការនាំចេញនូវផលិតផលក្នុងស្រុកទៅកាន់ទីផ្សារយក្សមួយនេះនៅអាស៊ី។
ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បាននាំយកផលិតផលជាង ១០០មុខ ត្រូវដាក់តាំងបង្ហាញ ដែលមានដូចជាអង្ករ គ្រាប់ស្វាយចន្ទី សម្ភារៈធ្វើដំណើរនិងកាបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ និង សម្ភារកែច្នៃសំណល់ប្លាស្ទិក ជាច្រើនមុខផ្សេងទៀត ដើម្បីចូលរួមដាក់តាំងបង្ហាញ ក្នុងព្រិត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
បើតាមក្រសួងពាណិជ្ជកម្ម ការរៀបចំពន្លាជាតិរបស់កម្ពុជាមានទំហំ ១៣២ ម៉ែត្រក្រឡា តាមរចនាបទកម្ពុជា ក្នុងយុគសម័យទំនើប ដោយផ្អែកលើគោលគំនិតរចនា “នវានុវត្តន៍ឆ្ពោះទៅរកអនាគត វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ធ្វើឱ្យជីវិតកាន់តែប្រសើរ”។
លើសពីនេះ សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជា ដែលបានទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ និងតំបន់ផ្តល់ព័ត៌មាន និងភ្លក់រសជាតិ ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងនោះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្របសម្រួលក្រុមហ៊ុនចំនួន១១ ដើម្បីចូលរួមដាក់តាំងបង្ហាញផលិតផល នៅតំបន់ស្តង់ពិព័រណ៍ពាណិជ្ជកម្ម និងពន្លាជាតិកម្ពុជា នាព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។
ទន្ទឹមនឹងនេះ លោក ស៊ុយ កុកធាន ជាអុនប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិនដឹងថា ការដែលនាំយកផលិតផលកសិកម្មកម្ពុជា ទៅចូលរួមតាំងបង្ហាញនៅលើទីផ្សារអន្តរជាតិនេះ វាគឺជាចំណុចល្អ ព្រោះថា ផលិតផលកសិកម្មរបស់យើងល្អ គ្រាន់តែខ្វះការផ្សព្វផ្សាយ ហើយនេះជាជំហានដែលល្អបំផុតសម្រាប់ផលិតផលក្នុងស្រុក ថែមទាំងបានជួយទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើន។ ខណៈកាលពីពេលថ្មីៗនេះ មានអ្នកវិនិយោគជនជាតិចិន ជាច្រើនអ្នក បានមកទិញស្វាយចន្ទីដែលមិនទាន់បានកែច្នៃ យកទៅធ្វើការកែច្នៃនៅស្រុកចិន ទាំងអស់គ្នាក៏ដោយសារតែការផ្សព្វផ្សាយ និងការតាំងបង្ហាញ នាពេលកន្លង។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលកម្ពុជា ទៅចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើង ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម – New Era, Shared Future” ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រទេសចូលរួមសរុបចំនួន ១៦០ប្រទេស៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងពាណិជ្ជកម្មកម្ពុជា