ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥

ស្នាដៃចាស់មិនទាន់បញ្ចាំងផង សិទ្ធី នីកា បន្ថែមស្នាដៃថ្មីមួយទៀតកាន់តែពិសេសជាងមុន !

០៥ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

ស្របពេលដែលភាពយន្តភាគរបស់តារាសម្តែង សិទ្ធី នីកា ត្រៀមនឹងដាក់បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងពេលឆាប់ៗនេះ សិទ្ធី នីកា ក៏បានថតរឿងភាគថ្មីមួយទៀតដែល ប្លែក និងគួរឱ្យចាប់អារម្មណ៍ដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ។ 

 

 

ថ្វីដ្បិតតែមានស្វាមីនិងមានកូនម្នាក់រួចហើយក្តី សិទ្ធី នីកា នៅតែមានហាងឆេងក្នុងសិល្បៈ ឆាប់ៗខាងមុខនេះនាងត្រៀមនឹងបង្ហាញស្នាដៃថ្មីនៅក្នុងរឿង « គ្រូសារបង្កង » ។ ជាមួយនឹងការត្រៀមខ្លួនបង្ហាញវត្តមានរឿងភាគថ្មីនេះ សិទ្ធី នីកា ក៏បានថតរឿងថ្មីមួយទៀតដើម្បីជាការស្វាគមន៍ឆ្នាំថ្មីផងដែរ ។ 

 

 

ជួបជាមួយតារាសម្តែងកូនមួយ សិទ្ធី នីកា កាលពីពេលថ្មីៗនេះនាងបានប្រាប់ថា ក្នុងមួយឆ្នាំៗនាងទទួលថតរឿងតែ ២ ឬ ៣ រឿងប៉ុណ្ណោះ ដោយសារនាងមមាញឹកច្រើនជាមួយការងារផ្សេងៗ ។ ថ្មីៗនេះនាងទើបតែទទួលថតរឿងថ្មីមួយទៀតរបស់ទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « ប្តីខ្ញុំជូនឱ្យនាង » ដែលជារសជាតិថ្មីនាងមិនធ្លាប់សម្តែងពីមុនមកឡើយ ។    

 


ក្រៅពីអាជីពសម្តែង សិទ្ធី នីកា បានបំពេញតួនាទីយ៉ាងល្អក្នុងនាមជាអ្នកម្តាយសម័យថ្មី មិនថាការងារមហាញឹកយ៉ាងណា នាងតែងតែចំណាយពេលវេលាមើលថែ និងបង្ហាត់បង្រៀនកូនមិនដែលខាន ។ 

 


ទន្ទឹមនិងជោគជ័យក្នុងអាជីពសម្តែង សិទ្ធី នីកា នៅពុំទាន់មានគម្រោងយកកូនទី២ តាមបំណងប្រាថ្នានៅឡើយទេ ដោយសារនាងចង់ទុកពេលវេលាដើម្បីមើលថែគ្រួសារ និងបំពេញការងារឱ្យបានល្អជាងនេះសិន ពីព្រោះពេលដែលយកកូន គឺត្រូវផ្អាកការងារទាំងអស់ ដើម្បីមើលថែសុខភាពរបស់ខ្លួន ។ តែទោះជាយ៉ាងណា សិទ្ធី នីកា មានគម្រោងយកកូនក្នុងពេលឆាប់ៗខាងមុខ ៕  

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025