ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ប្រជាពលរដ្ឋកាន់តែច្រើន បានចុះបញ្ជីជាសមាជិក ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ត្រឡប់មកវិញ ដោយគិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានពលរដ្ឋជិត ២លាន ៧សែននាក់ បានចុះបញ្ជី ខណៈបុគ្គលស្វ័យនិយោជ បានចុះបញ្ជីប្រមាណជាង ៥០ម៉ឺននាក់ ចាប់តាំងពីដាក់ដំណើរការជិតមួយឆ្នាំមកនេះ។ គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពលរដ្ឋជាង ២លាន ៧សែននាក់ បានចុះឈ្មោះជាសមាជិក ប.ស.ស ទាំងក្នុងវិស័យឯកជន វិស័យសាធារណៈ និងបុគ្គលស្វ័យនិយោជ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
បើតាមឯកឧត្តម ហេង សុផាន់ណារិទ្ធដដែល អ្នកដែលបានចុះឈ្មោះជាសមាជិកបណ្ណ ប.ស.ស នៅក្នុងវិស័យឯកជនមានចំនួនជិត ១លាន ៧សែននាក់ វិស័យសាធារណៈមានចំនួនជាង ៤៦ម៉ឺននាក់ ក្នុងនោះស្រីជាង ១៦ម៉ឺននាក់ ដោយបែងចែកជាបី គឺមន្ត្រីសាធារណៈមានជាង ៣៥ម៉ឺននាក់ អតីតមន្ត្រីរាជការជិត ៤ម៉ឺននាក់ និងអតីតយុទ្ធជនជាង ៧ម៉ឺននាក់។
ដោយឡែកចំពោះបុគ្គលស្វ័យនិយោជ និងបុគ្គលនៅក្រោមបន្ទុកមានចំនួនជាង ៥០ម៉ឺននាក់។ ឯកឧត្តមបន្តថា ការចុះបញ្ជីជាសមាជិក ប.ស.ស គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសបុគ្គលស្វ័យនិយោជ ដែលបានដាក់ដំណើរការតាំងពីថ្ងៃទី ១៤វិច្ឆិកា ឆ្នាំ២០២៣ដែលមានរយៈពេលជិតមួយឆ្នាំមកនេះ ។
ទន្ទឹមនឹងនេះ បេឡាជាតិសន្តិសុខសង្គមក៏បានពង្រីកសាខាក្នុងការធ្វើបណ្ណ ប.ស.ស រហូតដល់ ៣៨ទីតាំងនៅទូទាំងប្រទេស ក្នុងនោះក៏មានការពង្រីកទីតាំងនៅក្នុងផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអន សែនសុខ និងផ្សារទំនើបអ៊ីអនមានជ័យផងដែរ។ ក្រៅពីនេះ ក្រុមការងាររបស់បេឡាជាតិសន្តិសុខសង្គម ក៏បានកំពុងចុះបញ្ជីចល័តនៅតាមបណ្តារាជធានីខេត្តផងដែរ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ចាម បាត់ដំបង តាកែវជាដើម។
ឯកឧត្តមក៏លើកទឹកចិត្តដល់អ្នកដែលមិនទាន់បានចុះបញ្ជីជាសមាជិក ប.ស.ស ឱ្យបានចុះឈ្មោះគ្រប់ៗគ្នា ខណៈការចុះបញ្ជីនាពេលបច្ចុប្បន្នមានភាពកាន់តែងាយស្រួលនៅតាមទីតាំងដែលបានដាក់ចេញទាំង ៣៨ទីតាំង ឬក៏អាចចុះឈ្មោះតាមប្រព័ន្ធអនឡាញបានតាមរយៈកម្មវិធីទូរស័ព្ទរបស់ ប.ស.ស។ សម្រាប់ព័ត៌មានលម្អិត ក៏អាចចូលទៅវេបសាយរបស់ ប.ស.ស ឬអាចទំនាក់ទំនងតាមប្រព័ន្ធ Hotline ដែលមានលេខ ១២៨៦ និង ១២៩៧ ដែលមានក្រុមការងាររងចាំផ្តល់ព័ត៌មានជានិច្ច៕
អត្ថបទ៖ អ៊ីសា ហាសាណ រូបភាព៖ ឯកសារ