ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

សិល្បករជាង ៥០០ នាក់ម្នាក់ៗព្រឹសប្បុរក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរក្នុងព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » 

៣០ តុលា ២០២៤ | កម្សាន្ដ

 

 

សិល្បករជាង ៥០០ នាក់ ម្នាក់ៗព្រឹសប្បុរក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរ ក្នុងព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » ដែលបានរៀបចំឡើងកាលពីម្សិលមិញនេះនៅ ទឹកដីអង្គរ ខេត្ត សៀមរាប ។ 

 

 

ព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជាលើកទី២ » ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងនោះដែរសិល្បករ សិល្បការិនីជាង ៥០០ នាក់ដែលបានសម្តែងក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យនោះ ម្នាក់ៗបានសម្តែងនូវអារម្មណ៍រីករាយ និងព្រឺសប្បុរគ្រប់ៗគ្នានៅក្នុងព្រឹត្តិការណ៍នោះ ។ 

 

ថ្វីដ្បិតតែអាកាសធាតុមិនអំណោយផល ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » បានប្រព្រឹត្តិទៅយ៉ាងរលូនតាមគម្រោងដែលបានគ្រោងទុកកាលពីរសៀលថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ដោយមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលរួមអបអរសាទរ ។  

 

 

សម្រាប់ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរ ក្នុងព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » ធ្វើឡើងដើម្បីរំលឹកអំពីវីរភាពរបស់ព្រះអង្គដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនដល់កូនចៅជំនាន់ក្រោយត្រូវចងចាំ ហើយព្រឹត្តិការណ៍នេះក៏ចង់រំលឹកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើងនាសម័យនោះផងដែរ ។ ម្យ៉ាងវិញទៀតព្រឹត្តិការណ៍« ស្នាមញញឹមនៃកម្ពុជាលើកទី២ »នេះ ធ្វើឡើងដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រោះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ 

 

 

ក្បួនដង្ហែព្រះមហាក្សត្រសម័យអង្គរពិតជាទទួលបានការចាប់អាមរ្មណ៍ខ្លាំងពីមហាជន ដោយមានសិល្បករសិល្បការិនីជាង ៥០០ នាក់បានតុបតែងខ្លួនបុរាណយ៉ាងស្រស់ស្អាត ដើម្បីសម្តែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ ។ ក្នុងនោះដែរតារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រូវបានជ្រើសរើសសម្តែងជាតួអង្គព្រះបាទជ័យវរ័្មនទី៧ និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ សម្តែងជាតួអង្គព្រះនាងឥន្រ្ទទេវី ។

 

 

ក្រឡេកមកមើលក្រៅបរិវេណប្រាង្គប្រាសាទអង្គរតូចវិញ មហាជនជាច្រើនបានឈរត្រៀបត្រាទស្សនាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនោះ ។ ចំណែកសិល្បករសិល្បការិនីដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ម្នាក់ៗបានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនថា ពួកគេពិតជារីករាយណាស់ដែលបានចូលរួមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ គ្រាន់តែបើកក្បាលនៃការដង្ហែរក្បួន ម្នាក់ៗព្រឺសប្បុរគ្រប់ៗគ្នា នេះជាការចងចាំមួយដែលកូនចៅមិនអាចបំភ្លេចបាន ។ 

 


 ទស្សនីយ៍ភាពនៃការដង្ហែរក្បួនព្រះមហាក្សត្រសម័យអង្គរ មានវត្តមានសិល្បករសិល្បការិនីជាង ៥០០ នាក់ចូលរួមសម្តែងដោយការស្ម័គ្រចិត្ត ដើម្បីទទួលបាននូវផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យ និងជាប្រវត្តិសាស្រ្ត ។

 

 

 ព្រឹត្តិការណ៍ដ៏កម្រនេះក៏មានការតាំងពិព័រណ៌ម្ហូបអាហារ វត្ថុសិល្បៈនៃស្នាដៃខ្មែរ និងការច្រៀងរាំកម្សាន្ត ល្បែងប្រជាប្រិយ និង ការបង្ហាញសម្លៀកបំពាក់ប្រពៃណី ខ្មែរ រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ តុលា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឱ្យមកទស្សនាខេត្ត សៀមរាប ឱ្យបានច្រើនកុះករ ៕ 


 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ្វេសប៊ុក 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025