ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

កម្ពុជា នាំគុនល្បុក្កតោ ទៅអង្រួនចិត្តអ្នកទេសចរ នៅមុខវិហារសៅលីញ ក្នុងខេត្តហឺណាន ប្រទេសចិន

២២ តុលា ២០២៤ | ព័ត៌មានជាតិ

 

ក្រុមកីឡាករកីឡាការិនីគុនល្បុក្កតោកម្ពុជា បានសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា ជាមួយសង្ឃសៅលីញ នៅមុខក្លោងទ្វារព្រះវិហារសៅលីញ ក្នុងខេត្តហឺណាន ប្រទេសចិន ក្នុងឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់២០ ខែតុលា ឆ្នាំ២០២៤។

 


ការនាំគុនល្បុក្កតោ ទៅបង្ហាញនៅខេត្តហឺណាន ប្រទេសចិននេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុក ជាការផ្សព្វផ្សាយដ៏សំខាន់ពីមរតកក្បាច់គុនដូនតាខ្មែរទៅដល់អ្នកទេស ចរ  ក៏ដូចជាពិភពលោកឲ្យបានស្គាល់កាន់តែច្បាស់។

 


សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមក ដែលមានការសម្តែងក្បាច់គុនពីប្រទេសផ្សេង ធ្វើឡើងនៅមុខក្លោងទ្វារព្រះវិហារសៅលីញ។

 


តាយរយៈព្រឹត្តិការណ៍អន្តរជាតិមួយនេះមានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០០នាក់ និងសិស្ស គ្រូ សម្តែងក្បាច់គុន មានចំនួនប្រមាណ ៣ ម៉ឺននាក់ ។

 

 

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

 


គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ ក្នុងបរិវេណខាងជើងប្រាសាទបាយ័ន ដើម្បីអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។ 

 


ព្រឹត្តិការណ៍នេះ ក៏មានសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន ដោយស្វែងយល់អំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាផងដែរ៕
 

 

 

អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024