ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ក្រុមជាង និងអាជ្ញាធរ ចាប់ផ្តើមតុបតែង និងរៀបចំសោភ័ណភាពទីក្រុង ដើម្បីត្រៀមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

១៧ តុលា ២០២៤ | ព័ត៌មានជាតិ

ខណៈដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ កាន់តែខិតជិតមកដល់ ក្រុមជាង និងអាជ្ញាធរកំពុងមមាញឹកក្នុងការរៀបចំតុបតែងនៅតាមសួនច្បារ និងទីតាំងកម្មវិធី ដើម្បីត្រៀមខ្លួន ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ។ នៅតាមទីតាំងមួយចំនួន ក្រុមជាងកំពុងតែតម្លើងក្លោងទ្វារទីតាំង និងរៀបចំតាមសួនសាធារណៈ ដូចជា ចងភ្លើងបំភ្លឺតាមដើមឈើ ជាដើម។ ក្រុមជាង ក៏កំពុងសាងសង់ប្រទីប  ដើម្បីបណ្តែតអបអរសាទរក្នុងពិធីនេះផងដែរ។ 

 


គិតត្រឹមថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមជាង និងអាជ្ញាធរមូលដ្ឋាននីមួយៗ កំពុងរៀបចំតុបតែងសោភ័ណភាពទីក្រុងបណ្តើរៗហើយ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី ១៤ ១៥ និង១៦ ខែវិច្ឆិកាខាងមុខនេះ។ ក្រុមជាង បាននឹងកំពុងតម្លើងក្លោងទ្វា និងឆាកកម្មវិធីនៅតាមទីតាំងរៀបចំកម្មវិធីមួយចំនួន ដូចជានៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងជាដើម។ 

 

 

ដោយឡែក នៅតាមទីសារធាណៈមួយចំនួន ក៏កំពុងត្រូវបានតុបតែងភ្លើងពណ៌លម្អ ដើម្បីឱ្យកាន់តែមានសោភ័ណ្ឌភាពទីក្រុងកាន់តែស្រស់ស្អាត ទាក់ទាញបន្ថែមទៀត។ រីឯក្រុមជាងក៏កំពុងមមាញឹកក្នុងការសាងសង់ប្រទីបផងដែរ ដែលប្រទីបមួយចំនួនបានលេចចេញជារូបរាងបណ្តើរ ដើម្បីត្រៀមបង្អួតរូបរាងដ៏ស្រស់ស្អាតនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកខាងមុខ។  

 


បើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០២៤នេះ ចំនួនប្រទីបរបស់រដ្ឋដែលនឹងត្រូវបណ្តែតអបអរសារទរមានចំនួន ៣២ប្រទីប ហើយគណៈកម្មាធិការជាតិក៏បានជូនដំណឹងដល់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលខេត្តនីមួយៗ និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ធ្វើប្រទីបចូលរួមបណ្តែងក្នុងព្រះរាជពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិ ត្រូវដាក់ពាក្យស្នើសុំ និងផ្តល់គំនូសរូបភាពប្រទីប ទៅកាន់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ពិនិត្យជាមុន។ 

 


ទន្ទឹមនឹងគ្នានេះ គណៈកម្មាធិការជាតិ ក៏បានណែនាំឱ្យ  ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត រៀបចំ តុបតែងលម្អ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌តាមក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី ខេត្ត មន្ទីរ សាលារៀន វត្តអារាម និងស្ថាប័នឯកជនទាំងអស់ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា  

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024