ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដើម្បីថ្វាយព្រះពរ និងថ្វាយក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទថ្មី

១៧ តុលា ២០២៤ | ព័ត៌មានជាតិ

 

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែតុលានេះ បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នៅព្រះបរមរាជវាំង។ ការចូលក្រាបថ្វាយបង្គំគាល់នេះ ក្រៅពីថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្វាយក្រដាសប្រាក់អនុស្សាវរីយ៍ ប្រភេទ ២សែនរៀលថ្មី និងសៀវភៅក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះរាជទ្រព្យ ផងដែរ។

 


ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតជូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។

 


ក្រៅពីបានថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានថ្វាយក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ២សែនរៀលថ្មី និងសៀវភៅក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះរាជទ្រព្យ ផងដែរ។

 


គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសមាសភាព៩អង្គ/នាក់ ជ្រើសតាំងជាព្រះមហាក្សត្រ បន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។

 


ព្រះរាជពិធីរាជាភិសេកព្រះអង្គ ជាផ្លូវការ ត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង យ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុត តាមព្រះរាជបវេណី រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

 


ជាមួយគ្នានេះ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល ក៏បានសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងប្រទេសនូវក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល ចំនួន ២០លានសន្លឹក។ ក្រដាសប្រាក់ប្រភេទថ្មីនេះ មានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតាផងដែរ៕

 

 


អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024