ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

អ្នកកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ទទួលបានការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ

១៦ តុលា ២០២៤ | ព័ត៌មានជាតិ

 

 

រាជរដ្ឋាភិបាល បានបង្កើនការយកចិត្តទុកដាក់ដល់ក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ ក្នុងនោះ ប្រជាពលរដ្ឋ ដែលមានប័ណ្ណសមធម៌ និងប័ណ្ណងាយរងហានិភ័យ ដែលមានជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។ 

 

 


ក្នុងចំណោមពលរដ្ឋដែលមានប័ណ្ណសមធម៌ និងគ្រួសារមានប័ណ្ណងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត ប្រមាណ ៥លាននាក់នៅទូទាំងប្រទេស កំពុងទទួលបានការពិនិត្យ និងព្យាបាលជំងឺ នៅមូលដ្ឋានសុខាភិបាលសាធារណៈនានានៅទូទាំងប្រទេស ក្នុងនោះក៏មានពលរដ្ឋកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កំពុងទទួលបានការព្យាបាល និងពិនិត្យដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនានានៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស នេះបើតាមការឱ្យដឹងពី ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា កាលពីពេលថ្មីៗនេះ ក្នុងបេសកកម្មដឹកនាំក្រុមការងារចុះពិនិត្យ និងស្វែងយល់ អំពីវឌ្ឍនភាពនៃដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការពង្រឹងយន្តការគ្រប់គ្រង និងបែងចែកឱសថសារវន្ត នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ឯកឧត្តមលើកឡើងបន្ថែមថា ក្នុងចំណោមពលរដ្ឋចំនួនប្រមាណ ៥លាននាក់ខាងលើនេះពលរដ្ឋដែលមានជំងឺលើសសម្ពាធឈាម និង ជំងឺទឹកនោមផ្អែម ក៏កំពុងទទួលបានការថែទាំជាប្រចាំ តាមរយៈការពិនិត្យសុខភាព និងទទួលបានថ្នាំថែទាំសុខភាព ដោយមិនគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនានា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ផងដែរ។

 

 


ឯកឧត្តមក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយថាមពល និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើនថវិកាក្នុងការទិញឱសថសម្រាប់ជំងឺទាំងពីរប្រភេទខាងលើ ដើម្បីធ្វើយ៉ាងណា ផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ ជាពិសេសកុំឱ្យពួកគាត់ធ្វើដំណើរមកបើកថ្នាំនៅមន្ទីរពេទ្យញឹកញាប់ពេក ដែលនេះក៏បានរួមចំណែកដល់ការសន្សំថវិកាសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់អ្នកជំងឺបានមួយផ្នែកផងដែរ៕

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ផ្តល់ជូន 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024