ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥

អ្នកជំនាញ២រូប៖ សេវាធានារ៉ាប់រង រួមចំណែកដ៏ធំក្នុងការជួយធ្វើឱ្យហិរញ្ញវត្ថុរបស់បុគ្គល និងសង្គមជាតិមានលំនឹង

១៩ តុលា ២០២៤ | សេដ្ឋកិច្ច

 

អ្នកជំនាញ២រូប មកពីនិយ័តករធានារ៉ាប់រងកម្ពុជា និង ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) អះអាងថា សេវាធានារ៉ាប់រងទូទៅ និងអាយុជីវិត កំពុងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយការពារហានិភ័យ និងហិរញ្ញវត្ថុ ដល់បុគ្គលម្នាក់ៗ ក្នុងក្រុមគ្រួសារ និងសង្គមជាតិ ខណៈបុព្វលាភដុលធានារ៉ាប់រង សរុបកើនឡើង៨% ក្នុងទំហំទឹកប្រាក់ ៨៨លានដុល្លារ ក្នុងត្រីមាសទី២ (ខែមេសា-មិថុនា) ឆ្នាំ២០២៤នេះ។ វិស័យធានារ៉ាប់រង នៅប្រទេសកម្ពុជាកាន់តែរីកចម្រើនខ្លាំងៗឡើង បើធៀបជាមួយនឹងអត្រា អ្នកទិញធានារ៉ាប់រងកាលពីប៉ុន្មានឆ្នាំមុន។ ប្រជាជននៅប្រទេសកម្ពុជា ចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍ នៃធានារ៉ាប់រងកាន់តែច្រើន និងការប្រើប្រាស់ទៅតាមតម្រូវការរបស់ខ្លួន។ 

 


យ៉ាងណាមិញ នៅមានបុគ្គលមួយចំនួន មិនទាន់បានយល់ច្បាស់ អំពីផលិតផលធានារ៉ាប់រងនីមួយៗ។ អ្នកខ្លះច្រឡំថា គ្រប់ធានារ៉ាប់រង សុទ្ធសឹងតែដូចគ្នា តែជាក់ស្តែង ផលិតផលធានារ៉ាប់រង គឺមានបែងចែកទៅតាមប្រភេទផ្សេងៗគ្នា ក្នុងនោះមានដូចជា ការធានារ៉ាប់រងអាយុជីវិត គឺជាការធានាលើផ្នែកហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារដែលបណ្តាលមកពីមរណភាព ឬពិការភាពទាំងស្រុង អ្នកទិញគម្រោងនេះ នឹងទទួលបានប្រាក់ជំនួយ មិនថាពេលមានបញ្ហាដោយសារជំងឺ ឬដោយសារគ្រោះថ្នាក់ផ្សេងៗ ពោល គឺពាក់ព័ន្ធនឹងជីវិតរបស់មនុស្ស។ រីឯ ការធានារ៉ាប់រងទូទៅ ឬមិនមែនអាយុជីវិត សំដៅទៅលើការការពារហិរញ្ញវត្ថុ ដែលបណ្ដាលមកពីការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ។

 


ជុំវិញនឹងរឿងនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានពន្យល់ពីអត្ថប្រយោជន៍ ដែលប្រជាពលរដ្ឋគួរតែទិញ និងប្រើប្រាស់ធានារ៉ាប់រង ព្រោះការទិញធានារ៉ាប់រង ជាការទិញការការពារបន្ទុកហិរញ្ញវត្ថុ ក្នុងករណីមានជួបនៅហានីភ័យណាមួយ កើតឡើងជាយថាហេតុ។ ដើម្បីទិញធានារ៉ាបរងត្រូវដឹងជាមុនសិនថា អ្វីជាធានារ៉ាប់រង? ធានារ៉ាប់រង គឺជាកិច្ចសន្យា ក្នុងការការពារនៅពេលមានហានិភ័យណាមួយកើតឡើង ក៏ព្រោះថា យើងពុំបានដឹងនោះឡើយ ថានឹងមានបញ្ហាអ្វីកើតឡើងនាពេលអនាគតនោះទេ អ្វីដែលកើតឡើង គឺគ្រោះថ្នាក់ ហើយកាលណាមានគ្រោះថា្នក់ នឹងមានការខូតខាត ខាតបង់ សម្ភារៈ ឬអាយុជីវិតជាដើម ហើយប្រសិនបើមានបញ្ហាទាំងនេះកើតឡើង បញ្ហាបន្ដបន្ទាប់នោះ គឺបន្ទុកហិរញ្ញវត្ថុ។

 


បន្ថែមពីលើនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានបញ្ជាក់បន្ថែមថា ការទិញធានារ៉ាបរង គឺជាការទិញបន្ទុកហិរញ្ញវត្ថុ មានន័យថា ប្រសិនបើមានហានីភ័យណាមួយកើតឡើងភ្លាមៗ នោះនឹងមានក្រុមហ៊ុនធានារ៉ាបរងអ្នកធានា និងផ្ដល់កញ្ចប់ហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់នាពេលខាងមុខបន្ដទៀត។ ប្រសិនបើក្នុងប្រទេសមួយ មានប្រជាជនទិញធានារ៉ាប់រងទាំងអស់ មានន័យថា ប្រជាជនរស់នៅដោយសន្ដិភាពផ្លូវចិត្ត ដោយមិនមានការព្រួយបារម្ភពីបញ្ហាអ្វីនោះឡើយ ក៏ព្រោះថា ប្រជាជនមានបន្ទុកហិរញ្ញវត្ថុ ដែលនឹងត្រូវផ្ដល់ជូនដោយក្រុមហ៊ុនធានារ៉ាប់រង ប្រសិនបើមានករណីគ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុទៅលើពួកគាត់។

 


សារៈសំខាន់នៃសេវាធានារ៉ាប់រង ដោយចាត់ទុកថា ជាកម្លាំងចលករក្នុងការជួយជំរុញ ឲ្យសេដ្ឋកិច្ចគ្រួសារ សង្គម និងប្រទេសជាតិរីកចម្រើន។ ការទិញបណ្ណសន្យារ៉ាប់រង គឺជាការធ្វើឲ្យខ្លួនឯងមានសន្តិភាពផ្លូវចិត្ត ធ្វើឲ្យខ្លួនឯងទទួលបានការការពារ និងធ្វើឲ្យហិរញ្ញវត្ថុរបស់ខ្លួនរឹងមាំ ដោយមិនបារម្ភពីគ្រោះថ្នាក់ចៃដន្យណាមួយឡើយ។ ជាទូទៅ នៅពេលមានហានិភ័យកើតឡើង ដែលនាំឲ្យមានការខូចខាត ឬបាត់បង់ ទ្រព្យសម្បត្តិ ឧទាហរណ៍ ភ្លើងឆេះផ្ទះ ឬអគារ រោងចក្រជាដើម ឬការរងគ្រោះផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ តែងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ របស់បុគ្គលដែលជាម្ចាស់ ឬជាអ្នករងគ្រោះ នៅក្នុងហេតុការណ៍នោះ ហើយការបាត់បង់ហិរញ្ញវត្ថុនេះ អាចមានស្ថានភាពធ្ងន់ធ្ងររហូតមិនអាចរ៉ាប់រងដោយខ្លួនឯងបាន។ 

 


ដូច្នេះ ដើម្បីឲ្យមានសន្តិភាពផ្លូវចិត្ត និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងហានិភ័យ ដែលកើតឡើង គេអាចទិញធានារ៉ាប់រងដើម្បីទទួលបានការធានាលើទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ផ្សេងៗ ដោយផ្ទេរហានិភ័យនោះ ទៅក្រុមហ៊ុនធានារ៉ាប់រង ដែលធានាសងលើការខូចខាត នៅពេលហានិភ័យកើតឡើង។ ហើយទឹកប្រាក់ដែលចំណាយលើការទិញធានារ៉ាប់រង ដែលហៅថា បុព្វលាភធានារ៉ាប់រង មានទំហំតិចជាងបើធៀបនឹងទំហំនៃការខូចខាត បង្ករដោយហានិភ័យ។


លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានលើកឡើងថា ការគ្រប់គ្រងហិរញ្ញវត្ថុនេះ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋទូទៅ មិនថាជាអាជីវករ ពាណិជ្ជករ កសិករ ឬ អ្នកធ្វើការរដ្ឋ-ឯកជន ឡើយ ដោយសារវាជាយន្តការគ្រប់គ្រងហានិភ័យ មួយដែលនឹងធានាដល់ភាពរឹងមាំនៃចំណូល ចំណាយ និងការវិនិយោគរបស់គ្រួសារនីមួយៗ ហេតុនេះ មានន័យថា ការអប់រំចំណេះដឹងសាធារណៈក្នុងសេវាកម្មធានារ៉ាប់រង គឺជាសកម្មភាពយុទ្ធសាស្រ្តមួយ ដែលចាំបាច់បំផុត។ វិស័យនេះ គឺនៅមានអាយុក្មេងខ្ចីណាស់នៅកម្ពុជា បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជាថៃ និងវៀតណាម។ 

 


ការសន្សំប្រាក់ក្នុងរូបភាពណាក៏ដោយ និងការទិញបណ្ណសន្យារ៉ាប់រង សុទ្ធតែជាវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ ឲ្យបានល្អដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ថាការទិញបណ្ណសន្យារ៉ាប់រង មិនត្រឹមតែជួយឲ្យយើងសន្សំប្រាក់ និងវិនិយោគបានដោយសុវត្ថិភាពប៉ុណ្ណោះទេ ហើយថែមទាំងទទួលបាននូវការការពារផងដែរ។


សូមជម្រាបថា បើយោងតាមរបាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា វិស័យធានារ៉ាប់រងរបស់កម្ពុជាបានបន្តរីកចម្រើន ប៉ុន្តែក្នុងល្បឿនយឺតជាងមុន ជាមួយនឹងបុព្វលាភសរុបកើនដល់ ៨៨លានដុល្លារ ក្នុងអំឡុង ខែមេសា ដល់ខែមិថុនា នៃឆ្នាំនេះ។ ក្នុងនោះ ការធានារ៉ាប់រងអាយុជីវិតបានកត់ត្រាកំណើនខ្ពស់ចំនួន ១២,៦% ក្នុងទំហំ ៥២លានដុល្លារ ខណៈដែលការធានារ៉ាប់រងទូទៅ បានឃើញកំណើនស្ទើរតែស្មើ ១,៩% ដល់ ៣៦លានដុល្លារ។ ទីផ្សារធានារ៉ាប់រងកម្ពុជា មានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន ១០៥ ដែលរួមមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន ២០ ភ្នាក់ងារធានារ៉ាប់រងចំនួន ៣៩ ក្រុមហ៊ុនវាយតម្លៃហនិភ័យធានារ៉ាប់រងចំនួនបី ក្រុមហ៊ុនគ្រប់គ្រងការទាមទារសំណងចំនួន ២ និងក្រុមហ៊ុនផ្តល់ប្រឹក្សាធានារ៉ាប់រងមួយ៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រុមការងារភីអិនអិន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025