ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥

Zelenskiy ជំរុញ Putin ឱ្យឯកភាពទៅលើពេលវេលានិងទីកន្លែងសម្រាប់កិច្ចពិភាក្សាទ្វេរភាគី

 

 

នៅថ្ងៃសុក្រ ទី២២ ខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានមានប្រសាសន៍ថា រុស្ស៊ីកំពុងធ្វើគ្រប់យ៉ាងដើម្បីបញ្ឈប់កិច្ចប្រជុំរវាងលោក និងលោក វ្ល៉ាឌីមៀ ពូទីន កុំឱ្យកើតមានឡើង។ ជាមួយគ្នាប្រធានាធិបតីអ៊ុយក្រែនក៏បានជំរុញឱ្យសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មជាថ្មីទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ប្រសិនបើរុស្ស៊ី មិនអើពើនិងសន្តិភាព។

 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតតេ នៅទីក្រុងគៀវ លោក ហ្សេលេនស្គី បានមានប្រសាសន៍ថា ពួកគេ បានពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដោយរដ្ឋផ្សេង។

 

លោកបានថ្លែងថា ការធានាទាំងនោះគួរតែស្រដៀងនឹងមាត្រា៥ របស់អង្គការណាតូ ដែលចាត់ទុកការវាយប្រហារលើសមាជិកណាមួយនៃសម្ព័ន្ធភាព ជាការវាយប្រហារលើរដ្ឋទាំងអស់របស់អង្គការណាតូ។

 

មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ុយក្រែន ដាក់សម្ពាធលើរុស្ស៊ី។

 

លោក ហ្សេលេនស្គី បានអំពាវនាវជាបន្តបន្ទាប់ឱ្យលោក ពូទីន ជួបជាមួយលោក ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ប្រធានាធិបតីរុស្ស៊ីបានយល់ព្រមលើកិច្ចប្រជុំបែបនេះពេលនិយាយទូរសព្ទជាមួយលោក នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់មេដឹកនាំអឺរ៉ុប ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025