ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥

អ៊ីស្រាអែលនឹងផ្ដើមចរចាបទឈប់បាញ់នៅហ្កាហ្សាដើម្បីបញ្ចប់សង្គ្រាម និងដោះលែងចំណាប់ខ្មាំង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងចាប់ផ្តើមការចរចាជាបន្ទាន់សម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា និងការបញ្ចប់សង្គ្រាមជិតពីរឆ្នាំផ្អែកលើលក្ខខណ្ឌដែលអ៊ីស្រាអែលអាចទទួលយកបាន។

 

 

ថ្លែងក្នុងកិច្ចប្រជុំកងទ័ពនៅហ្គាហ្សា លោក នេតាន់យ៉ាហ៊ូ បាននិយាយថា លោកកំពុងជួបជាមួយមេបញ្ជាការដើម្បីអនុម័តផែនការដណ្តើម យកទីក្រុងហ្កាហ្សា និងកម្ចាត់ក្រុមហាម៉ាស។

 

 

ក្នុងប្រតិបត្តិការនេះ យោធាអ៊ីស្រាអែលនៅតែបន្តដាក់សម្ពាធលើទីក្រុងហ្កាហ្សារហូតដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ហើយកាលពីថ្ងៃពុធ យោធាអ៊ីស្រាអែលបានកែនទ័ពបម្រុងចំនួន៦ម៉ឺននាក់ក្នុងសញ្ញាបង្ហាញថា រដ្ឋាភិបាលកំពុងបន្តអនុវត្តផែនការគ្រប់គ្រងទីក្រុងហ្កាហ្សាបើទោះជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិក៏ដោយ។ ការកែនទ័ពបម្រុងដ៏ច្រើននេះទំនងជាត្រូវចំណាយពេលច្រើនសប្តាហ៍ដោយផ្តល់ពេលវេលាសម្រាប់អ្នកសម្រុះសម្រួលក្នុងការចរចាអំពីសំណើឈប់បាញ់ជាបណ្តោះអាសន្នថ្មីមួយដែលក្រុមហាម៉ាស់បានទទួលយក ប៉ុន្តែអ៊ីស្រាអែលនៅមិនទាន់បានឆ្លើយតបនៅឡើយទេ។

 

 

សំណើនេះទាមទារឱ្យមានបទឈប់បាញ់៦០ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងដែលនៅរស់ចំនួន១០នាក់ និងសាកសព១៨នាក់ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល២០០នាក់។ ប៉ុន្តែអ៊ីស្រាអែលមិនព្រមដោយទាមទារឱ្យដោះលែងចំណាប់ខ្មាំងទាំង៥០នាក់ដែលនៅសល់ក្នុងពេលតែមួយ ហើយមន្ត្រីអ៊ីស្រាអែលជឿថា ចំណាប់ខ្មាំងប្រហែល២០នាក់នៅមានជីវិត៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025