ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥

ក្រុមហ៊ុនប្រេងរបស់បារាំង ធានាលទ្ធភាពផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ

២២ សីហា ២០២៥ | សេដ្ឋកិច្ច

 

អនុប្រធានក្រុមហ៊ុនប្រេងបារាំងTotal Energies បានអះអាងថា ក្រុមហ៊ុន Total Energies មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ ខណៈក្រុមហ៊ុនបានបញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។

 

 

ក្នុងជួបពិភាក្សាការងាររវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក Mehmet Celepoglu អនុប្រធានក្រុមហ៊ុនប្រេងបារាំងTotal Energies នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ត្រូវបានអនុប្រធានក្រុមហ៊ុនប្រេងបារាំង បញ្ជាក់ថា ក្រុមហ៊ុន Total Energies មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ ហើយក្រុមហ៊ុននឹងពង្រីកការវិនិយោគក្នុងទីផ្សារប្រេងនៅកម្ពុជាផងដែរ។

 


ក្នុងជំនួបនោះ អនុប្រធានក្រុមហ៊ុនប្រេងបារាំង រូបនេះ បានបន្តថា ស្របពេលដែលកម្ពុជាឈប់នាំចេញចូលប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានជម្លោះព្រំដែន និងរងការគម្រាមពីថៃ ក្នុងការឈប់លក់ប្រេងឱ្យកម្ពុជា ខណៈក្នុងពេលដែលកម្ពុជាមានជម្លោះជាមួយថៃ ក្រុមហ៊ុននេះ បានបញ្ជាក់ជំហរ ក្នុងការពង្រីកការវិនិយោគក្នុងទីផ្សារប្រេងឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ។ 

 


ទន្ទឹមនឹងនេះ ក្រុមហ៊ុន Total Energies គឺជាក្រុមហ៊ុនធំមួយ ដែលបានវិនិយោគលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅកម្ពុជាជាច្រើនឆ្នាំមកហើយ និងមានស្ថានីយ៍ប្រេងឥន្ធនៈយ៉ាងច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។បន្ថែមពីលើនេះ ក្រសួងរ៉ែ និងថាមពល ធ្លាប់បានប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។

 


បើតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមផ្លូវការ កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ បន្ទាប់ពីភាគីថៃបង្ករហេតុជាមួយកម្ពុជា ជាបន្តបន្ទាប់ជុំវិញបញ្ហាព្រំដែន។ ក្នុងនោះ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន ពីប្រភពផ្សេងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។

 


គួរជម្រាបថា បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កម្ពុជាបានចំណាយប្រាក់ជាង ១ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥នេះ ធ្លាក់ចុះ ១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ 
កាលពីឆ្នាំ២០២៤ ប្រទេសកម្ពុជា បានចំណាយប្រាក់ជាង ២,៦៩ ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ និង ប្រេងម៉ាស៊ូត មានការកើនឡើង ១២% បើប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានទឹកប្រាក់ ២,៤ ពាន់លានដុល្លារ៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025