ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥

សេដ្ឋកិច្ចរបស់អាមេរិក កើនឡើង ៣% ក្នុងត្រីមាសទី ២

២២ សីហា ២០២៥ | សេដ្ឋកិច្ច

 

នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានរាយការណ៍ថា សេដ្ឋកិច្ចអាមេរិក បានកើនឡើងក្នុងល្បឿនខ្លាំងជាងការរំពឹងទុក ក្នុងអត្រា ៣% នៅក្នុងត្រីមាសទី ២ ដោយសារការផ្លាស់ប្តូរតុល្យភាពពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់អាមេរិក បានកើនឡើង ៣% សម្រាប់អំឡុងខែមេសាដល់ខែមិថុនា ឆ្នាំ ២០២៥នេះ។

 


ស្ថាប័នហិរញ្ញវត្ថុ Dow Jones លើកឡើងដែរថា បន្ទាប់ពីសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះដល់កម្រិតអវិជ្ជមានក្នុងត្រីមាសទី ១ ការកើនឡើងមកវិញនៅក្នុងត្រីមាសទី ២នេះ គឺដោយសារតែ ការធ្លាក់ចុះនៃការនាំចូលដ៏ធំ ក៏ដូចជាការចំណាយរបស់អ្នកប្រើប្រាស់ ចុះខ្សោយ នៅពេលមានការព្រួយបារម្ភអំពីពន្ធគយ ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅដើមខែមេសា។

 


ក្នុងរយៈពេល ៣ខែកន្លងមកនេះ លោក ដូណាល់ ត្រាំ បានចូលរួមក្នុងការចរចាជាច្រើនជុំ និងជាញឹកញាប់ជាមួយដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលធ្វើអោយមានការភ័យព្រួយ ប៉ុន្តែទោះជាយ៉ាងណា កិច្ចពិភាក្សាបានទទួលលទ្ធផលវិជ្ជមាន ក្នុងការដំឡើងពន្ធគយ ដោយវាមិនសូនធ្ងន់ធ្ងរ ដូចការស្នើពន្ធកម្រិតខ្ពស់ពីដំបូងឡើយ។

 


ថ្មីៗនេះ ការិយាល័យវិភាគសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់សហរដ្ឋអាមេរិក បានថយចុះក្នុងអត្រាប្រចាំឆ្នាំ ០,៣% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ មានការធ្លាក់ចុះខ្លាំង បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២៤ ដែលសម្រេចបានកំណើន ២,៤%។

 


សេដ្ឋកិច្ចវិទូមួយចំនួននៅ Wall Street បានផ្លាស់ប្តូរទស្សនវិស័យរបស់ពួកគេ ចំពោះកំណើនអវិជ្ជមាន ដែលភាគច្រើន គឺដោយសារតែការកើនឡើងនៃការនាំចូលដែលមិនរំពឹងទុក រហូតដល់ ៤១% ខណៈដែលក្រុមហ៊ុន និងអ្នកប្រើប្រាស់ ព្យាយាមស្តុកទុក មុនពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ  ចាប់ផ្តើមអនុវត្តនៅដើមខែមេសា។

 


ជាចុងក្រោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រជាជនអាមេរិកអត់ធ្មត់ ចំពោះការធ្លាក់ចុះសេដ្ឋកិច្ចក្នុងត្រីមាសទី ១ ដែលមិនបានរំពឹងទុក ដោយអះអាងថា ពន្ធគយរបស់លោក នឹងនាំទៅរក ភាពរីកចំរើននៅក្នុងសេដ្ឋកិច្ចអាមេរិក នាពេលខាងមុខ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025