ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥
ថ្នាក់ដឹកនាំនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការទទួលបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម ១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក នឹងបន្តរួមចំណែករក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្នុងជំនួបរវាង ធនាគារជាតិនៃកម្ពុជា និងក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជម្រាបជូនដល់ លោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ឱ្យបានដឹងថា ប្រទេសកម្ពុជា សម្រេចបានកំណើនល្អ ក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ពី ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា។
ទន្ទឹមគ្នានេះ លោកជំទាវក៏បានលើកឡើងពី ការទទួលបានការកាត់បន្ថយអត្រាពន្ធគយបដិការ មកត្រឹម ១៩% ដែលបានជួយរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគថ្មីៗ។
យ៉ាងណាក៏ដោយ លោកជំទាវ ក៏បានលើកឡើងពី បញ្ហាប្រឈមចម្បងៗ ជាពិសេសបញ្ហាជម្លោះព្រំដែន ដោយបានរំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី ហើយលោកជំទាវ ក៏បានបញ្ជាក់ពី ស្នាដៃការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីជាប្រឈមនឹងបញ្ហា និងភាពមិនច្បាស់លាស់មួយចំនួនក្តី។
ចំពោះក្រុមបេសសកម្មរបស់ IMF នៅកម្ពុជា លោក Kenichiro ក៏បានជម្រាបជូនលោកជំទាវ ពីគោលបំណងរបស់ក្រុមការងារដែលមកបំពេញបេសកកម្ម គឺដើម្បីសិក្សា និងវាយតម្លៃលើ ស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើងនូវ អនុសាសន៍គោលនយោបាយសេដ្ឋកិច្ចចម្បងៗ សម្រាប់គាំទ្រការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។
គួររម្លឹកបន្តិចថា នៅដើមខែសីហានេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចទម្លាក់ពន្ធលើទំនិញកម្ពុជា ពី ៤៩% មកត្រឹម ១៩% ខណៈ កម្ពុជា សម្រេចយក ពន្ធសូន្យភាគរយ លើទំនិញនាំចូលមកពី សហរដ្ឋអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ