ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូធើរ៉េស នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សាបន្ទាប់ពីប្រទេសអ៊ីស្រាអែលបានប្រកាសអំពីជំហានដំបូងនៃប្រតិបត្តិការរបស់ពួកគេដើម្បីដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក អេហ្វ៊ី ដេហ្រ្វីន បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធាជំហានដំបូងដើម្បីដណ្តើមយកទីក្រុងហ្កាហ្សា។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ពួកគេនឹងបង្កើនការវាយប្រហារលើក្រុមហាម៉ាស់នៅទីក្រុងហ្កាហ្សាដែលជាមូលដ្ឋានរឹងមាំរបស់រដ្ឋាភិបាល និងយោធាអង្គការភេរវករបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយក្រុមហាម៉ាសនៅភាគខាងត្បូងទីក្រុងកានយូនីស។
លោក ហ្គូធើរ៉េស បាននិយាយក្នុងសន្និសីទស្តីពីការអភិវឌ្ឍអាហ្វ្រិកក្នុងប្រទេសជប៉ុនថា វាសំខាន់ណាស់ក្នុងការឈានដល់បទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ។ ការធ្វើបែបនេះគឺដើម្បីជៀសវាងការស្លាប់ និងការបំផ្លិចបំផ្លាញដ៏ច្រើននៅក្នុងប្រតិបត្តិការយោធាដែលអ៊ីស្រាអែលកំពុងធ្វើប្រឆាំងនឹងទីក្រុងហ្កាហ្សាដោយមិនអាចជៀសរួចឡើយ។ លោកក៏បានអំពាវនាវ ឱ្យអ៊ីស្រាអែលប្តូរការសម្រេចចិត្តក្នុងការពង្រីកសំណង់លំនៅឋាន«ខុសច្បាប់»នៅតំបន់វែសបេងផងដែរ។
ប្រមុខសហប្រជាជាតិរូបនេះក៏បានរិះគន់ជាថ្មីចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរថា ការខ្វែងគំនិតគ្នាខាងភូមិសាស្ត្រនយោបាយនៅក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ដែលមានសិទ្ធិវេតូបានធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលមួយនេះមិនអាចឈានដល់ការឯកភាពគ្នាលើការបញ្ចប់ជម្លោះជុំវិញពិភពលោកបានឡើយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន