ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥

លោក ត្រាំ សង្ឃឹថា លោក ពូទីន នឹងដំណើរការល្អ ប៉ុន្តែទំនងជាមិនចង់បង្កើតកិច្ចព្រមព្រៀងឡើយ

 

 

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារដោយសង្ឃឹមថា សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងដំណើរការល្អ និងឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែក៏ទទួលស្គាល់ដែរថា វាមិនអាចទៅរួចទេដែលលោក ពូទីន ចង់ធ្វើកិច្ចព្រមព្រៀងណាមួយនោះព្រោះលោកកំពុងប្រឈមនឹងស្ថានភាពដ៏លំបាក។ ទោះយ៉ាងណា គេនឹងរង់ចាំមើលការណ៍ពិតអំពីលោក ពូទីន នៅក្នុងពេលពីរបីសប្ដាហ៍ទៀត។

 

 

ការលើកឡើងរបស់លោក ត្រាំ នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានស្វាគមន៍សមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី និងក្រុមមេដឹកនាំអឺរ៉ុបនៅសេតវិមានដើម្បីពិភាក្សាស្តីពីកិច្ចខិតខំរកសន្តិភាពរបស់លោកក្រោយពីលោកបានជួបលោក ពូទីន នៅរដ្ឋអាឡាស្កាកាលពីថ្ងៃសុក្រសប្តាហ៍មុន។

 

 

លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទក្រោយពីជំនួបជាមួយលោក ហ្សឺឡិនស្គី និងមេដឹកនាំអឺរ៉ុបថា លោកបានទូរសព្ទទៅលោក ពូទីន ដើម្បីជួយសម្របសម្រួលឱ្យមានជំនួបទល់មុខគ្នារវាងលោក ពូទីន និងលោក ហ្សឺឡិនស្គី ដែលនឹងកើតឡើងមុនពេលមានកិច្ចប្រជុំត្រីភាគីរួមបញ្ចូលទាំងលោក ត្រាំ។

 

 

ពាក់ព័ន្ធនឹងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដែលទីក្រុងកៀវ និងសម្ព័ន្ធមិត្តកំពុងធ្វើជាផ្នែកមួយនៃដំណោះស្រាយសន្តិភាពណាមួយនោះ លោក ត្រាំ បាននិយាយថា អឺរ៉ុបមានបំណងបង្កើតទម្រង់ទាហានខ្លះនៅអ៊ុយក្រែន ខណៈអាម៉េរិកនឹងមិនចូលរួមទេ ប៉ុន្តែអាចផ្តល់ជំនួយផ្សេងទៀត។ លោក ត្រាំ បានបន្ថែមថា វានឹងមានទម្រង់នៃសន្តិសុខ ប៉ុន្តែវាមិនអាចជាកងទ័ពណាតូឡើយ។ ពួកគេសុខចិត្តដាក់កងទ័ពនៅលើដីអ៊ុយក្រែន រីឯអាម៉េរិកប្រហែលជាសុខចិត្តជួយពួកគេពាក់ព័ន្ធផ្លូវអាកាសសម្រាប់ផែនការសន្តិសុខនេះ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025