ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤

កសិករដាំស្រូវនៅខេត្តបាត់ដំបង ស្នើសុំឲ្យក្រសួងកសិកម្មពង្រឹងតម្លៃស្រូវឱ្យបានខ្ពស់ជាងមុន

២០ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

កសិករដាំដុះស្រូវនៅខេត្តបាត់ដំបង ទទូតស្នើសុំឱ្យ ក្រសួងកសិកម្មពង្រឹងតម្លៃស្រូវស្រងែ ១២០ម៉ឺនរៀល ក្នុងមួយតោន ខណៈសព្វថ្ងៃនេះ ស្រូវស្រងែដែលកសិករបានផលិតនៅឆ្នាំនេះ ហាក់មិនសូវទទួលបានផលល្អ ថែមទាំងឈ្មួញទិញស្រូវមិនបានឱ្យតម្លៃខ្ពស់ លក់ចេញបានត្រឹមតម្លៃ ៩០ម៉ឺនរៀល ក្នុងមួយតោនប៉ុណ្ណោះ។

 

 

លោក សន ចិន្តា ជាកសិករដាំដុះស្រូវ រស់នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានលើកឡើងថា លោក ជាកសិករដាំដុះស្រូវលើទំហំដី ២៥ហិតតា ទទួលបានទិន្នផលប្រមាណ ៤-៥តោន។ ទៀតសោត កសិករនៅទីនេះ ច្រើនដាំដុះប្រភេទស្រូវស្រងែស្រាល ៧០% ស្រូវអូរអឹម ២០% និងសែនក្រអូប ១០% ក្នុងនោះ តម្លៃស្រូវស្អាត ទទួលបានតម្លៃសមរម្យ។ លោក សន ចិន្តា ក៏សំណូមពរដល់ក្រសួងកសិកម្ម សូមឲ្យតម្លៃស្រូវនៅមានភាពថិតថេរ ប្រិសនជាតម្លៃឡើងចុះខ្លាំងពេកនាំឲ្យ កសិករមានផលប៉ះពាល់នៅក្នុងការទិញជី ថ្នាំកសិកម្ម និងមិនមានភាពសមាមាត្រនឹងគ្នា។ 

 


លោក សុធន ជាកសិករដាំដុះស្រូវ រស់នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដូចគ្នា បានលើកឡើងបន្តថា ស្ថានភាពដាំដុះស្រូវនៅឆ្នាំនេះ មានភាពលំបាកដោយសារតែសំបូរទៅដោយសត្វមមាច ដែលធ្វើឲ្យកសិករចំណាយថវិការទិញថ្នាំចាញ់សត្វល្អិតចង្រៃ ខណៈដែលថ្នាំទិញម្តងៗមានតម្លៃ ២០ម៉ឺនរៀល អាចចាញ់បានក្នុងទំហំដី១ហិតាត្រូវចាញ់ចាប់ពី ៧-៨ដងឡើងទៅ។ ដូចនេះ ក្រៅពីមមាច ដំណាំស្រូវក្នុងខេត្តជាច្រើនក៏ទទួលរងផលប៉ះពាល់ពីការបំផ្លាញដោយដង្កូវហ្វូង និងរុយស ជាដើមផងដែរនៅក្នុងរដូវវស្សាឆ្នាំនេះ។

 


ក្រសួងកសិកម្ម ធ្លាប់បានណែនាំដល់កសិករក្នុងខេត្តបាត់ដំបង ធ្វើយ៉ាងណាត្រូវតែកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមីបាញ់កម្ចាត់សត្វមមាច នៅពេលស្រូវជិតប្រមូលផល ដោយសារតែវាធ្វើឱ្យប៉ះពាល់ដល់គុណភាពស្រូវ សុខភាពសាធារណៈ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

 


បើយោងតាមរបាយការណ៍ ស្តីពីល្បឿនការងារប្រមូលផលស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ ពីមន្ទីរកសិកម្មខេត្ត បានបង្ហាញឲ្យដឹងថា ស្រូវស្រាលរដូវប្រាំងមានផ្ទៃដីអនុវត្តមានចំនួនប្រមាណ ៦ម៉ឺន៤ពាន់ហិកតា និងផ្ទៃដីប្រមូលផលមានចំនួនប្រមាណ ៦ម៉ឺនហិកតា។ បើធៀបនឹងឆ្នាំមុន មានចំនួន ២ម៉ឺនហិកតា ស្មើនិង ៤៣%។

 


សូមជម្រាបថា ខេត្តបាត់ដំបង ក្រៅពីដំណាំស្រូវ ក៏នៅមានដំណាំសំខាន់ៗជាច្រើន រួមមាន ពោតក្រហម ដំឡូងមី សណ្ដែកសៀង ស្វាយកែវរមៀត មៀនប៉ៃលិន និងល្ង ជាដើម ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕
 

 


អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024