ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤

មហាក្សត្រម៉ាឡេស៊ីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន

២០ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 


ព្រះមហាក្សត្រម៉ាឡេស៊ី Sultan Ibrahim Sultan Iskandar  បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃ នៅប្រទេសចិន ស្របតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិនXi Jinping ។ 

 

ក្រសួងការបរទេសចិនឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី១របស់មហាក្សត្រ Sultan Ibrahim ទៅកាន់ប្រទេសមិនមែនអាស៊ាន ចាប់តាំងពីគ្រងតំណែងជាប្រមុខរដ្ឋក្នុងខែមករាឆ្នាំ២០២៤។ លោកប្រធានាធិបតី Xi  នឹងរៀបចំពិធីស្វាគមន៍និងពិធីជប់លៀសទទួលមហាក្សត្រម៉ាឡេស៊ី។ 

 

មេដឹកនាំរដ្ឋទាំង២ នឹងមានកិច្ចពិភាក្សាជាច្រើនជាមួយគ្នា ហើយលោកនាយករដ្ឋមន្ត្រីចិន Li Qiang  នឹងមានកិច្ចប្រជុំជាមួយមហាក្សត្រSultan Ibrahim ផងដែរ។ 

 

ប្រទេសចិន និងម៉ាឡេស៊ី មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង ហើយជាអ្នកជិតខាងល្អ និងជាដៃគូក្នុងការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។​ យោងអ្នកនាំពាក្យក្រសួងការបរទេសចិនលោកLin Jian ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ។ 

 

លោក Lin បន្តថា កាលពីខែមីនាឆ្នាំមុន លោកប្រធានាធិបតី Xi បានឈានដល់ការឯកភាពដ៏សំខាន់មួយជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើការកសាងសហគមន៍ចិនម៉ាឡេស៊ីជាមួយនឹងអនាគតរួមគ្នាដែលបានផ្តល់ទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិនម៉ាឡេស៊ីក្នុងយុគសម័យថ្មី។

 

ឆ្នាំ២០២៤នេះ ជាឆ្នាំខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងម៉ាឡេស៊ី និងឆ្នាំមិត្តភាពចិន ម៉ាឡេស៊ី។

 

ប្រទេសចិន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ីអស់រយៈពេល១៥ឆ្នាំជាប់ៗគ្នា ហើយក៏ជាប្រភពសំខាន់មួយនៃការវិនិយោគបរទេសសម្រាប់ម៉ាឡេស៊ីផងដែរ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024