ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤

បំណុលសាធារណៈរបស់កម្ពុជា ឈានដល់ជាង ១១,២ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី ២ ឆ្នាំ២០២៤

២០ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

ក្នុងក្របខណ្ឌបំណុលសាធារណៈ គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២៤ កម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១១,២៧ពាន់លានដុល្លារអាមេរិក ក្នុងនោះ ១១ពាន់លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង ១១៣លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

 

 

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខទី ២៣ ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ថែមទៀតថា ចំពោះបំណុលសាធារណៈក្រៅប្រទេសគឺ ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៣% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៧%។

 


នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានា ក្នុងចំនួនទឹកប្រាក់សរុបចំនួន ៣១៣លានដុល្លារអាមេរិក ស្មើនឹង ១៤% នៃពិដានដែលច្បាប់អនុញ្ញាត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានការថយចុះ៦០%។

 


គោលដៅនៃឥណទានថ្មីនេះ គឺប្រើប្រាស់សម្រាប់ បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

 


នៅក្នុងឆមាសទី ១ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណ ៦២លានដុល្លារអាមេរិក ត្រូវនឹងប្រមាណ ៥៨% នៃទំហំសរុបដែលច្បាប់អនុញ្ញាត ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ ដំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។


នៅក្នុងឆមាសទី ១ រាជរដ្ឋាភិបាលកម្ពុជា បានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ៤៤៥លានដុល្លារអាមេរិក ប្រើប្រាស់ជាក់ស្តែងទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៨០% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ២០%។


យ៉ាងណាក៏ដោយ បើតាមព្រឹត្តិបត្រខាងលើ បានបញ្ជាក់ថា ស្ថានភាពបំណុលសាធារណៈរបស់ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន «ចីរភាព» និងមាន «ហានិភ័យកម្រិតទាប»៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024