ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤

កម្ពុជា អាចទូទាត់ឆ្លងដែន QR Code ជាមួយ ម៉ាឡេស៊ី ជាផ្លូវការចាប់ពីពេលនេះ

២០ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្តាលម៉ាឡេស៊ី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) រវាងម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅហើយ។

 

 

នាពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន រវាង ម៉ាឡេស៊ី និងកម្ពុជា តាមរយៈ កម្មវិធីធនាគារចល័ត M2U KH និងប្រព័ន្ធបាគង (KHQR Code) លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនដំណាក់កាលទី ១ វានឹងអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី អាចទូទាត់កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព ដោយប្រើកម្មវិធី Bakong ឬកម្មវិធី M2U KH ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ ពាណិជ្ជករជាង ២លាននាក់ ដែលបង្ហាញ DuitNow QR របស់ PayNet ដែលជា QR ជាតិរបស់ប្រទេសម៉ាឡេស៊ី។

 


លោកជំទាវ បន្តថា ការដាក់ដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន QR Code រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ជំរុញសកម្មភាពពាណិជ្ជកម្ម និងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសទាំង ២ ដែលជាការបង្ហាញពីជំហានដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនៃ បណ្តាញអាស៊ានដែលមានប្រព័ន្ធទូទាត់ល្បឿនលឿន ប្រសិទ្ធភាព សុវត្ថិភាព និងទាក់ទងគ្នានៅទូទាំងតំបន់។

 


លោក Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី បានគូសបញ្ជាក់ដែរថា ការដាក់ដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំង ២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាពលរដ្ឋ និងពាណិជ្ជកររបស់ប្រទេសទាំង ២ តាមរយៈការផ្តល់ភាពងាយស្រួលក្នុងការទូទាត់ ចំណាយកាន់តែតិចជាងមុន លឿនជាងមុន និងមានសុវត្ថិភាព។

 

 

លើសពីនេះ ការដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅប្រទេសទាំង ២ផងដែរ។

 


សូមជម្រាបថា នៅដំណាក់កាលបន្ទាប់ ប្រជាជនមកពីប្រទេសម៉ាឡេស៊ី នឹងអាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារពាណិជ្ជជាសមាជិក ដើម្បីស្កេន KHQR Code ទៅកាន់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា ហើយដំណើរអភិវឌ្ឍន៍មួយជំហានទៀតនេះ នឹងជួយជំរុញពាណិជ្ជកម្មឆ្លងដែន និងផ្ដល់ជាកាលានុវត្តភាពដល់ពាណិជ្ជករ ជាពិសេសអាជីវកម្មតូចៗ អាចទទួលបានប្រតិបត្តិការទូទាត់កាន់តែទូលំទូលាយពីអតិថិជន ដែលមកពីប្រទេសម៉ាឡេស៊ី ហើយនឹងជំរុញសកម្មភាពពាណិជ្ជកម្ម លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕

 


 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024