ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

ឆ្នាំ២០២១-២០២៥ កម្ពុជាមិនស្ថិតនៅក្នុងប្រទេសចំនួន ៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរនោះទេ 

១៧ កញ្ញា ២០២៤ | ព័ត៌មានជាតិ

 


នៅក្នុងវេទិកាសារព័ត៌មាន ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយអង្គការខាណាកម្ពុជា ស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺរបេងកម្ពុជា និងស្ថានភាពជំងឺរបេង នៅកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ  លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា ឆ្នាំ២០២១-២០២៥ កម្ពុជា មិនស្ថិតនៅក្នុងប្រទេសចំនួន ៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរនោះទេ។ 

 


ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «តួនាទីសារព័ត៌មានសម្រាប់យុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺរបេង» នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារពូលូវ៉ៃ ដែលរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយអង្គការខាណាកម្ពុជា ដើម្បីឱ្យអ្នកសារព័ត៌មាន បានស្វែងយល់អំពីទំហំនៃបញ្ហាប្រឈម និងផលវិបាកនៃជំងឺរបេង រួមទាំងស្ថានភាពនៃជំងឺរបេងនៅកម្ពុជា និងពិភពលោក លោក វេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១-២០២៥ កម្ពុជាមិនស្ថិតនៅក្នុងប្រទេសចំនួន ៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរនោះទេ។

 

 

លោកវេជ្ជបណ្ឌិតក៏បានឱ្យដឹងដែរថា កាលពីឆ្នាំ ២០១៦-២០២០ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ៣០ ដែលមានបន្ទុកជំងឺរបេងច្រើននៅក្នុងពិភពលោក។ ទោះបីជាយ៉ាងណា ឆ្នាំ ២០២១-២០២៥ ប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីប្រទេសដែលនៅតែមានការតាមដានឃ្លាំមើលពីសាកលលោក ពាក់ព័ន្ធជាមួយជំងឺរបេងដដែល។ 

 

 

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន អត្រាស្លាប់ ដោយសារជំងឺរបេងនៅកម្ពុជា បានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ក្នុងឆ្នាំ ២០០០ មកត្រឹម ២៣ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ដដែលនៅក្នុងឆ្នាំ ២០២២។ ដោយឡែកចំពោះអត្រាអាំងស៊ីដង់ ក៏បានធ្លាក់ចុះផងដែរ ពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ក្នុងឆ្នាំ ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ដដែលក្នុងឆ្នាំ ២០២២។ដោយឡែកនៅក្នុងឆ្នាំ ២០២៣ អត្រាអ្នកស្លាប់ដោយសារជំងឺរបេងមានប្រមាណជាង ៦០០នាក់ នេះបើតាមការបញ្ចាក់ពីលោកវេជ្ជបណ្ឌិត នូ ចាន់លីដដែល។ 

 

 

ទន្ទឹមនឹងគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិដើម្បីបញ្ចប់ជំងឺរបេងនៅឆ្នាំ ២០២១-២០៣០ផងដែរ ដែលផែនការយុទ្ធសាស្ត្រនេះ នឹងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិនៃប្រជាជនដែលមានសុខភាពល្អ និងផលិតភាពសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ 

 

 

សូមបញ្ជាក់ដែរថា វេទិកាដែលរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយអង្គការខាណាកម្ពុជា នេះ គឺដើម្បីលើកទឹកចិត្តដល់អ្នកសារព័ត៌មានចូលរួមចំណែកផ្សព្វផ្សាយបន្តនូវសារអំពីជំងឺរបេង ការលុបបំបាត់ការរើសអើងឱ្យបានកាន់តែទូលំទូនលាយ និងបានជ្រួតជ្រាបដល់ប្រជាជនដើម្បីពួកគាត់បានយល់ដឹង និងស្ម័គ្រចិត្តរួមចំណែកក្នុងដំណើរការបញ្ចប់ជំងឺរបេងនៅកម្ពុជា នាឆ្នាំ២០៣០។

 

 

 

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក៏បានបញ្ជាក់ដែរថា វេទិកានេះ មានសារសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយអ្នកកើតជំងឺរបេង ឱ្យបានកាន់តែច្រើន ដើម្បីសម្រេចបានគោលដៅបញ្ចប់ជំងឺរបេងនៅកម្ពុជានាឆ្នាំ២០៣០ ហើយលើសពីនេះ អ្នកសារព័ត៌មាន ក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃជំងឺរបេង ដើម្បីជួយទប់ស្កាត់អំពីផលប៉ះពាល់ និងការរីករាលដានកាន់តែច្រើនឡើងនៃជំងឺមួយនេះ៕
 

 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024