ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើន បើប្រៀបធៀបកាលពី ២០ឆ្នាំមុន

១០ កញ្ញា ២០២៤ | ព័ត៌មានជាតិ

 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កេតឃើញថា វិស័យអប់រំនៅកម្ពុជា មានរីកចម្រើនពី ១ឆ្នាំ ទៅ ១ឆ្នាំ ដែលបង្កើតធនធានមនុស្សយ៉ាងច្រើន សម្រាប់អភិវឌ្ឍន៍កម្ពុជា ហើយបើប្រៀបធៀបកាលពី ២០ឆ្នាំមុន វិស័យអប់រំ មានការវិវត្តន៍ទៅមុខគួរឱ្យកត់សម្គាល់។

 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅក្នុងពិធីបើកដំណើរការឱ្យប្រើប្រាស់អគារ ជួសជុល កែលម្អ និងអាហារសាមគ្គីជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាត្នោតស្ថិតនៅក្នុងខេត្តព្រៃវែងឱ្យដឹងថា វិស័យអប់រំ ជាវិស័យដំបងនិងជាគ្រឹះដ៏សំខាន់មួយក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានរួមចំណែកពង្រឹងសេដ្ឋកិច្ចនៅកម្ពុជា ហើយបើវិស័យអប់រំយើងទន់ខ្សោយ និងមិនមានការវិវត្តន៍ទៅមុខពីមួយឆ្នាំទៅ១ឆ្នាំ នោះកម្ពុជា មិនអាចមានការរីកចម្រើនដូចសព្វថ្ងៃឡើយ។

 


លើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់បន្ថែមទៀតថា យើងត្រូវមើលឱ្យបានស៊ីជម្រៅថាវិស័យអប់រំយើងមានការរីកចម្រើនដល់កម្រិតណា ដោយមិនគួរបន្ទោសបង្អាក់បែបអវិជ្ជមានដោយប្រៀបធៀបវិស័យអប់រំកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗ ជាក់ស្តែង បើយើងប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងៗ យើងពិតជានៅក្រោយគេបន្តិចមែន ប៉ុន្តែយើងគួរពិនិត្យមើល និងប្រៀបធៀបកាលពី២០ឆ្នាំមុន និងពី១ឆ្នាំទៅ១ឆ្នាំ វិស័យអប់រំកម្ពុជា មានការរីកចម្រើនដល់កម្រិតណា។
 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមទៀតថា យើងត្រូវបន្តដុសខាត់ខ្លួនឯងបន្ថែមពី១ឆ្នាំទៅ១ឆ្នាំ និងបន្តជំរុញឱ្យយុវជនមានឱកាសការងារ និងចំណេះចេះដឹងពោរពេញទៅដោយសមត្ថភាព សីលធម៌ ព្រមទាំងគុណធម៌នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយសារតែកម្ពុជា ធ្លាប់ឆ្លងកាត់សង្រ្គាម និងការបែកបាក់គ្នាឆ្អែតឆ្អន់ហើយ។

 


នៅក្នុងឱកាសផ្តល់អាហារសាមគ្គីជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាត្នោត លោកជំទាវ ញ៉ែម សាខន ភរិយាសម្តេចក្រឡាហោម ស ខេង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានចូលរោងបាយដោយផ្ទាល់ ដើម្បីចំអិនម្ហូបអាហារជាង១០មុខសម្រាប់សិស្សានុសិស្សនៅឯទីជនបទ ក្នុងគោលបំណងផ្តល់ក្តីស្រឡាញ់ដល់កុមារតូចៗ៕
 

 

 

 

អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024