ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
រដ្ឋបាលស្រុកល្វាឯម ដោយមានការសម្របសម្រួលពីការិយាល័យអប់រំ យុវជន និងកីឡា បានអញ្ជើញអតីតអ្នកសារព័ត៌មាន ២រូប ចែករំលែកបទពិសោធន៍ និងព័ត៌មានទូទៅ ពាក់ព័ន្ធនឹងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងថ្នាក់ទី១២ ជិត ១០០០នាក់។
អតីតអ្នកសារព័ត៌មាន ២ រូបនោះ គឺបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែករំលែកបទពិសោធន៍ និងព័ត៌មានទូទៅពាក់ព័ន្ធនឹងការសិក្សា ជាពិសេសអន្តរកាល នៃការឆ្លងកាត់ជីវិតពីសិស្សទៅជានិស្សិត និងពីនិស្សិតទៅជាអ្នកបម្រើការងារតាមស្ថានប័នរដ្ឋ និងឯកជន។
ប្រព្រឹត្តទៅនៅក្រោមម្លប់ឈើត្រជាក់ល្ហឹម នៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលម៉ិញនេះ គាំទ្រយ៉ាងពេញទំហឹងពីបណ្ឌិត កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម ។
លោក រ៉េន រតនៈ ដែលក៏ជាអតីតអ្នករាយការណ៍ព័ត៌មានជាន់ខ្ពស់ និងជាពិធីករព័ត៌មាន នៃស្ថានីយ៍ទូរទស្សន៍ PNN ផង បានថ្លែងថា នេះជាលើកទី៣ហើយដែលលោកបានចូលរួមសម្របសម្រួលរៀបចំវគ្គចែករំលែកបទពិសោធន៍ និងព័ត៌មានសំខាន់ៗដល់សិស្សានុសិស្សក្នុងស្រុកល្វាឯម ដែលជាស្រុកកំណើតរបស់លោក គឺបន្ទាប់ពីបានសង្កេតឃើញបទពិសោធន៍ជោគជ័យប្រកបដោយគុណភាព ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរៀបចំវគ្គនេះនៅតាមបណ្ដាវិទ្យាល័យទូទាំងខេត្តព្រៃវែង ធ្វើឱ្យសិស្សានុស្សិស ជាពិសេសថ្នាក់ទី១២ ទទួលបានព័ត៌មានច្រើនពាក់ព័ន្ធជម្រើសសិក្សា និងការងារ រួមទាំងបទពិសោធន៍ផ្សេងៗ ក្រោយពីពួកគេបញ្ចប់ការសិក្សាថ្នាក់ទី១២ ហើយបានរំឭកថា រូបលោក និងសិស្សជំនាន់មុនៗ បានបញ្ចប់ការសិក្សាថ្នាក់ទី១២ ដោយភាពមិនច្បាស់លាស់ ពគឺមិនច្បាស់ថាគួររៀនជំនាញអ្វី ចង់ធ្វើអ្វី ត្រូវរៀបចំជីវិតសិក្សា និងការងារដោយរបៀបណាជាដើម។
លោកបណ្ឌិត កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានថ្លែងអំណរគុណលោកបណ្ឌិត ទូច សុខៈ និងលោក រ៉េន រតនៈ ដែលបើទោះបីជាមមាញឹកក្នុងការងារ ក៏លោកទាំងពីរតែងតែឆ្លៀតចូលរួមជាវាគ្មិន ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សក្នុងស្រុកល្វាឯម ហើយថាការចែករំលែកនេះ ជាអំណោយផ្នែកពុទ្ធិដ៏ពិសេសថ្មីមួយទៀតសម្រាប់សិស្សានុសិស្សស្រុកល្វាឯម បន្ថែមលើការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការបើកវគ្គបំប៉នត្រៀមប្រឡងបាក់ឌុបដោយឥតគិតថ្លៃផ្ដល់ជូនដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាឱកាសនោះ លោក បណ្ឌិត ទូច សុខៈ និងលោក រ៉េន រតនៈ ក៏បានផ្ដល់អំណោយសៀវភៅ រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ និងសៀវភៅ ទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២១ ជាង ១១០០ក្បាល ជូនសាលាស្រុកល្វាឯម វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងវិទ្យាល័យ ហ៊ុន សែន ល្វាសរ ព្រមទាំងចែកជូនសិស្សានុសិស្សដែលបានចូលរួមផងដែរ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ សែត ប៊ុនថាន់