ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
អភិបាលរដ្ឋកាលីហ្វ័រញ៉ាបានប្រកាសស្ថានភាពអាសន្ននៃភ្លើងព្រៃដែលបានបំផ្លាញផ្ទះ និងកន្លែងជិះស្គីរាប់សិបកន្លែងនៅតាមជើងភ្នំនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួននៅតាមទីប្រជុំជននៅភាគខាងកើតនៃទីក្រុងឡូសអេនជឺឡេសកាលពីថ្ងៃពុធ។
អង្គភាពពន្លត់អគ្គិភ័យនៅទីក្រុងឡូសអេនជឺឡេសបាននិយាយថា ភ្លើងព្រៃចំនួន៣កន្លែងនៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាបានបំផ្លាញផ្ទះតូចធំប្រហែល ៤០ នៅភូមិម៉ោនបល់ឌី (Mount Baldy) និងភូមិ រ៉ាយវូដ (Wrightwood) ព្រមទាំងបានបំផ្លាញកន្លែងជិះស្គីម៉ោនថិនហាយ (Mountain High) នៅក្បែរនោះផងដែរ។
គិតត្រឹមរសៀលថ្ងៃពុធ ភ្លើងព្រៃទាំងបីនេះបានឆេះលើផ្ទៃដីសរុបជាង ៤ ម៉ឺនហិកតាដែលស្មើនឹងមួយភាគបីនៃទំហំផ្ទៃដីរបស់ទីក្រុង ឡូសអេនជឺឡេស ដោយក្នុងនោះមានភ្លើងព្រៃមួយកន្លែងបានឆេះលើផ្ទៃដី ១៩ ០០០ ហិកតាក្នុងរយៈពេល ២ ថ្ងៃមកហើយ ធ្វើឱ្យវាក្លាយជាភ្លើងព្រៃដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋនេះ។
អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ហ្កេវីន ញូវសុន (Gavin Newsom) បានប្រកាសពីស្ថានភាពអាសន្នសម្រាប់ភ្លើងព្រៃនៅក្នុងរដ្ឋនេះដើម្បីទទួលបានមូលនិធិសហព័ន្ធសម្រាប់ប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃនេះ។ មនុស្សប្រហែល ១៨ ០០០ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះនៅតាមសង្កាត់មួយចំនួននៅក្នុងស្រុកសានប៊ឺណាឌីណូដែលកំពុងប្រឈមនឹងភ្លើងព្រៃនេះ។ ទោះយ៉ាងណា មកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ ឬរបួសដោយសារភ្លើងព្រៃនេះនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន