ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

វ័យ ៦៨ឆ្នាំនាយ កុយ នៅតែប្រឹងតស៊ូក្នុងសិល្បៈ និងព្យាយាមលើកស្ទួយវិស័យល្ខោនបាសាក់មិនឱ្យបាត់បង់ 

១១ កញ្ញា ២០២៤ | កម្សាន្ដ

 

 

ប្រលូកក្នុងសិល្បៈអស់ពេលជាង ៤០ ឆ្នាំ តារាកំប្លែងវ័យ ៦៨ ឆ្នាំនាយ កុយ នៅតែប្រឹងប្រែងរកប្រាក់ចំណូលពីវិស័យចាស់របស់ខ្លួន និងបានព្យាយាមលើកស្ទួយវិស័យល្ខោនបាសាក់ ខ្មែរ ឱ្យកាន់តែមានតម្លៃ និងមានអ្នកចាប់អារម្មណ៍ ។ 

 

 

ល្បីឈ្មោះក្នុងសិល្បៈជាង ៤០ ឆ្នាំ តារាកំប្លែងនាយ កុយ នៅតែបន្តអាជីពចាស់របស់ខ្លួន បើទោះបីជាពេលនេះលោកមានវ័យ ៦៨ ឆ្នាំ ប៉ុន្តែសុខភាពរបស់លោកនៅតែមាំទាំ និងអាចចេញសម្តែង និង ច្រៀងបានដូចដើម អ្វីដែលតារាកំប្លែងរូបនេះកំពុងបន្តធ្វើនោះ គឺលោកនៅតែជ្រើសរើសការសម្តែងល្ខោនបាសាក់ ខ្មែរ រាល់ពេលមានកម្មវិធីផ្សេងៗ ដើម្បីលើកស្ទួយវិស័យនេះកុំឱ្យបាត់បង ។ 

 

 

ថ្វីដ្បិតតែមានវ័យច្រើនបន្តិចក្តីតារាកំប្លែងនាយ កុយ នៅតែអះអាងថា លោកនៅតែបន្តអាជីពសិល្បៈដូចមុនដដែល ពីព្រោះលោកនៅមានសុខភាពល្អ នៅមានកម្លាំង ដែលអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបាន ។ អ្វីដែលពិសេសជាងនេះទៅទៀតគឺលោកនៅតែជ្រើសរើសការសម្តែង ល្ខោនបាសាក់ ដើម្បីសម្តែងជូនបងប្អូនទស្សនាតាមខេត្តក្រុងនានា ។  

 

 

ស្ថិតក្នុងវ័យ ៦៨ ឆ្នាំ ឈានចូល ៦៩ ឆ្នាំ តារាកំប្លែងនាយ កុយ នៅតែមានសុខភាពល្អ មិនដូចកាលពីប៉ុន្មានឆ្នាំមុនៗឡើយ នាយ កុយ បានឱ្យដឹងផងដែរថា លោកមានសុខភាពល្អដូចសព្វថ្ងៃនេះ ដោយសារបានអនុវត្តរបបអាហារបានត្រឹមត្រូវ រូមទាំងទៅពិនិត្យសុខភាពជាប្រចាំ ។ 

 

 

មកទល់ពេលនេះតារាកំប្លែងនាយ កុយ មានចៅសរុបជាង ២០ នាក់ហើយ ប៉ុន្តែក្នុងចំណោមចៅទាំងអស់ មានតែ ចៅម្នាក់ប៉ុណ្ណោះដែលចាប់អាជីពសិល្បៈ ។ លោកសង្ឃឹមថាទៅថ្ងៃអនាគតចៅៗរបស់លោកនឹងបន្តស្នងមករតកនេះពីលោកឱ្យកាន់តែច្រើនឡើង ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024