ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
តារាស្រីចិនល្បីឈ្មោះ Jia Ling បានលើកទឹកចិត្តឱ្យគ្រប់គ្នាហាត់ប្រាណជាប្រចាំ បន្ទាប់ពីខ្លួនអាចផ្លាស់ប្ដូរជីវិតដោយការសម្រកទម្ងន់រហូតដល់ ៥០ គីឡូដើម្បីថតភាពយន្ត។
Jia Ling (ជែ លីង) តារាសម្ដែង និងជាអ្នកដឹកនាំរឿងស្រីរកចំណូលបានច្រើនជាងគេរបស់ប្រទេសចិន បានលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនឱ្យហាត់កីឡាជាប្រចាំ ព្រមទាំងបានបង្ហាញមោទនភាពចំពោះកីឡាករប្រដាល់ជម្រើសជាតិចិន សម្រាប់ការប្រឹងប្រែងរបស់ពួកគេក្នុងកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។
គួរបញ្ជាក់ថា តារាស្រី Jia Ling បានក្លាយជាកម្លាំងចិត្តរបស់អ្នកគាំទ្រជាច្រើនកាលពីពេលកន្លងទៅតាមរយៈការស្រកទម្ងន់បានដល់ ៥០ គីឡូក្រាមដើម្បីថតខ្សែភាពយន្តកំប្លែងមានចំណងជើងថា "YOLO"។ នៅក្នុងកម្មវិធីជួបជុំមួយដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងកាលពីចុងសប្ដាហ៍ តារាវ័យ ៤២ឆ្នាំរូបនេះបានចែករំលែកក្តីរំភើប និងក្ដីស្រលាញ់របស់នាងចំពោះកីឡា ខណៈការហាត់ពុតលត់ដំកាយសម្បទានេះហើយគឺជាផ្នែកដ៏សំខាន់ដែលនាំឱ្យនាងអាចសម្រកទម្ងន់បានជោគជ័យ។
តារាកំប្លែងស្រីរូបនេះបានបន្តទៀតថាការបានសម្ដែងនិងដឹកនាំភាពយន្តខាងលើនេះក៏ធ្វើឱ្យនាងចាប់ផ្ដើមស្រលាញ់កីឡាប្រដាល់ផងដែរ។ ភាពយន្តនេះមានសាច់រឿងរៀបរាប់ពីនារីម្នាក់ដែលមានបញ្ហាបាត់បង់ការងារក្នុងវ័យ ៣០ ឆ្នាំ ប៉ុន្តែក៏បានផ្លាស់ប្ដូរជីវិតក្រោយជួបជាមួយគ្រូបង្វឹកប្រដាល់ម្នាក់។
ដោយមានចំណង់ចំណូលចិត្តក្នុងវិស័យកីឡាខ្លាំង តារាស្រី Jia Ling បានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដើម្បីលើកទឹកចិត្តអ្នកប្រដាល់ចិនដោយផ្ទាល់។ គួរបញ្ជាក់ដែរថា ក្នុងការប្រកួតកីឡាអូឡាំពិកកន្លងទៅនេះ ក្រុមកីឡាប្រដាល់នារីចិនអាចដណ្តើមបានមេដាយមាសចំនួនបីក្នុងការប្រកួត ដែលបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រទេសចិន ៕
ប្រែសម្រួល៖ វ៉ាន់ថន