ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥

មាន សូនីតា ទោះទៅដល់ទីណាក៏ មិនភ្លេចនាំយកក្រមាខ្មែរទៅផ្សព្វផ្សាយដាច់ខាត

២២ សីហា ២០២៤ | កម្សាន្ដ

តារាសម្តែង និងជាតារាម៉ូដែលល្បីឈ្មោះកញ្ញា មាន សូនីតា អះអាងថា ទោះទៅដល់ទីណាក៏នាងមិនដែលភ្លេចក្រមាខ្មែរដាច់ខាត ដើម្បីជួយប្រម៉ូតផ្សព្វផ្សាយពីក្រមាខ្មែរឱ្យពិភពលោកបានស្គាល់។

 

 

 

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព ដែលគ្រប់គ្នាឱ្យរហ័សនាមថា «រាជនីក្រមា» មាន សូនីតា នៅតែបន្តឈ្មុសឈ្មុលប្រម៉ូតផ្សព្វផ្សាយពីក្រមាខ្មែរទៅកាន់ពិភពលោក ដើម្បីឱ្យគេឯងស្គាល់ពីភាពស្រស់ស្អាតនៃក្រមារបស់ខ្មែរយើង។

 

 

 

តាមរយៈការផ្សព្វផ្សាយពីក្រមា តារាស្រីរូបនេះក៏បានជួយជ្រោមជ្រែងបងប្អូនស្រ្តីខ្មែរឱ្យមានការងារធ្វើច្រើនជាងមុនថែមទៀតផង។ នាងបានយកក្រមាទៅច្នៃជាសម្លៀកបំពាក់សម័យថ្មីប្លែកៗ ទាន់សម័យកាល ដែលមើលទៅពិតជាទាក់ទាញហើយស៊ីវិល័យខ្លាំងមែនទែន។

 

 

 

សូនីតា តែងស្លៀកសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរទៅចូលរួមកម្មវិធីជាតិ-អន្តរជាតិ នានា។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំង នាងបានច្នៃក្រមាខ្មែរជាសម្លៀកបំពាក់ដ៏ប្រណីតចូលរួមដើរលើកម្រាលព្រំក្រហម Cannes Film Festival 2024 កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ ធ្វើឱ្យបរទេសងាកមកចាប់អារម្មណ៍សម្រស់ដ៏ផូរផង់របស់កុលស្រ្តីខ្មែរ ពិសេសឈុតក្រមាវែងអូសដី និងមួកស្លឹកត្នោតខ្មែរ។

 

 

 

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈកាលពីពេលថ្មីៗ រាជនីក្រមារូបនេះថា នាងមានមោទនភាពខ្លាំងណាស់ដែលបាននាំយកក្រមាខ្មែរទៅបង្ហាញឱ្យពិភពលោកបានស្គាល់ ហើយនាងមិនហត់នឿយក្នុងការផ្សព្វផ្សាយពីក្រមាខ្មែរនោះឡើយ។ ផ្ទុយទៅវិញ នាងនឹងវិចក្រមាខ្មែរទៅគ្រប់ទីកន្លែងតាមដែលអាចធ្វើទៅបាន មិនថាក្នុងស្រុក ឬទៅក្រៅប្រទេស។

 

 

 

ក្នុងនាមជារាជនីក្រមា តារាសម្តែង មាន សូនីតា នឹងបន្តបង្កើតក្រឡាក្រមាថ្មីៗឱ្យទាន់សម័យកាល ដើម្បីកុំឱ្យអ្នកប្រើប្រាស់មានភាពច្រំដែល ព្រោះចក្ខុវិស័យរបស់នាងគឺចង់ផ្សព្វផ្សាយក្រមាខ្មែររហូតទៅ មិនមែនផ្សព្វផ្សាយបែបភ្លើងចំបើងនោះឡើយ។នាងសង្ឃឹមថា ពុកម៉ែបងប្អូននឹងបន្តគាំទ្រក្រមាខ្មែរ ដើម្បីឱ្យគេដឹងថា ក្រមាជារបស់ខ្មែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025