ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥

ភាពយន្តមនុស្សភពផ្កាយ “Alien: Romulus” គ្រងចំណាត់ថ្នាក់លេខ១លើ Box Office

១៩ សីហា ២០២៤ | កម្សាន្ដ

 

ភាពយន្តមនុស្សភពផ្កាយ “Alien: Romulus” បានគ្រងចំណាត់ថ្នាក់លេខ១លើ Box Office ជាមួយចំណូលសរុប ១០៨ លានដុល្លារពីការបញ្ចាំងទូទាំងពិភពលោកនៅសប្ដាហ៍ដំបូង។

 


បន្ទាប់ពីភាពយន្ត “Deadpool & Wolverine” បានគ្រងចំណាត់ថ្នាក់លេខ ១ ដល់ទៅ៣សប្ដាហ៍ជាប់គ្នា នៅពេលនេះក៏ដល់វេនភាពយន្ត “Alien: Romulus” (អេលាន រ៉ូម្ញូលើស) ឡើងមកកាន់ចំណាត់ថ្នាក់កំពូលលើតារាង Box Office ម្ដង បន្ទាប់ពីអាចរកចំណូលបាន ៤៥ លានដុល្លារពីការបញ្ចាំងនៅសហរដ្ឋអាមេរិកក្នុងកំឡុងចុងសប្ដាហ៍កន្លងទៅ។ 

 


គិតទាំងចំណូលជាង ៦៦ លានដុល្លារទៀតពីប្រទេសផ្សេងៗ ភាពយន្តមនុស្សភពផ្កាយវគ្គថ្មីនេះអាចរកចំណូលបានសរុប ១០៨ លានដុល្លារនៅសប្ដាហ៍ដំបូង ដែលខ្ពស់ជាងតួលេខដែលក្រុមហ៊ុនផលិតគឺ The 20th Century និង Disney បានព្យាករទុកទៅទៀត។

 


គួរបញ្ជាក់ថា ភាពយន្ត “Alien: Romulus” គឺជាវគ្គទី៨នៃស៊េរីភាពយន្ត “Alien” ដែលបានចាប់ផ្ដើមវគ្គដំបូងតាំងពីឆ្នាំ១៩៧៩។ វគ្គចុងក្រោយនេះមានសាច់រឿងរៀបរាប់ពីអ្នកដាក់អាណានិគមមួយក្រុមដែលបានជួបប្រទះនឹងភាពភ័យរន្ធត់ដោយសារពួកមនុស្សភពផ្កាយ ខណៈដែលពួកគេធ្វើដំណើរឆ្លងកាត់ស្ថានីយអវកាសដែលត្រូវបានបោះបង់ចោល។

 


ងាកមកចំណាត់ថ្នាក់លេខ២ គឺភាពយន្ត “Deadpool & Wolverine” ដែលអាចរកចំណូលបាន ២៩ លានដុល្លារបន្ថែមទៀតពីការបញ្ចាំងនៅអាមេរិកកាលពីសប្ដាហ៍មុន។ សរុបចំណូលទូទាំងពិភពលោកក្រោយចាក់បញ្ចាំង ៤ សប្ដាហ៍ ភាពយន្ត Superhero ដ៏ល្បីល្បាញនេះអាចរកបានរហូតដល់ ១១៤០ លានដុល្លារ។

 


ចំណែកចំណាត់ថ្នាក់កំពូលទី៣ នៅសប្ដាហ៍នេះគឺបានទៅលើភាពយន្តមនោសញ្ចេតនា “It Ends with Us” ដែលអាចរកចំណូលនៅអាមេរិកបាន ២៤ លានដុល្លារទៀតក្នុងសប្ដាហ៍កន្លងទៅ។

 

 

សរុបចំណូលទូទាំងពិភពលោក ភាពយន្តដែលចំណាយដើមទុនផលិត ២៥ លានដុល្លារមួយនេះអាចរកចំណូលបានដល់ ១៨០លានដុល្លារក្រោយបញ្ចាំងបាន២សប្ដាហ៍ ៕
 

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025