ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ហេតុតែចង់រក្សានូវមរតកវប្បធម៌ប្រពៃណីរបស់ដូនតា អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ ប្រមូលតារាល្បីៗឱ្យស្លៀកពាក់បែបខ្មែរជំនាន់អាណានិគមបារាំង កុំឱ្យបាត់បង់។
ក្រោយជោគជ័យផ្ទួនៗលើការដើរបង្ហាញម៉ូដកម្មវិធីអន្តរជាតិៗធំៗ អ្នកច្នៃម៉ូដល្បីឈ្មោះ ម៉ែន សីហា ហៅ អូលីវ៉ា គង់ បង្ហាញសមិទ្ធផលដ៏ធំមួយទៀតក្នុងជីវិត ដោយបានរៀបចំពិធីឡើងគេហដ្ឋានថ្មីយ៉ាងឱឡារឹក ទន្ទឹមគ្នាជាមួយពិធីខួបកំណើតក្នុងឆ្នាំ២០២៤តែម្តង។
លោកអ្នកមានគុណទាំងទ្វេ ព្រមទាំងតារាល្បីៗជាច្រើនដួងនាំគ្នាគ្រងឈុតសម្លៀកបំពាក់ខ្មែរជំនាន់អាណានិគមនិយមបារាំងយ៉ាងស្រស់ស្អាត ញ៉ាំងឱ្យពិធីកាន់តែឱឡារឹកខ្លាំងឡើង សូម្បីតែតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏សម្តែងក្តីរំភើបភ្ញាក់ផ្អើល និងកោតសរសើរការតស៊ូរបស់ អូលីវ៉ា ទម្រាំទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះ រំភើបក្រៃលែងដែលបានបំពេញក្តីស្រមៃដ៏ធំមួយទៀតក្នុងឆាកជីវិតរបស់លោក ដែលវាជាកម្លាំងញើសឈាមរាបឆ្នាំនៃការស៊ូទ្រាំក្នុងវិស័យច្នៃម៉ូដ។
ការដែលលោកស្នើរឱ្យអ្នកចូលរួមទាំងអស់ស្លៀកពាក់បែបខ្មែរជំនាន់អាណានិគមបារាំង ដោយសារតែចង់រក្សានូវមរតកវប្បធម៌ប្រពៃណីរបស់ដូនតា ដែលតស៊ូខំប្រឹងថែរក្សាក្បិនខ្មែរក្នុងអំឡុងសម័យអាណានិគម ដែលគេព្យាយាមចង់លុបបំបាត់។ នេះជាអ្វីដែលលោកបានដឹងលឺពីប្រវត្តិសាស្រ្តខ្មែរសម័យនោះ។
ដូចនេះ ទើបស្ត្រីខ្មែរនៅអំឡុងកាលនោះរមែងប្រើអាវដៃប៉ោង ដែលមិនព្រមកាត់រ៉ូប ឬស្លៀករ៉ូបតាមគំនិតរបស់អឺរ៉ុប ដែលកន្លងមកមានមនុស្សមួយចំនួនតែងតែថាតុបតែងបែបក្លាយតាមប្រទេសជិតខាងយើង។
អ្វីដែល អូលីវ៉ា ធ្វើជាសារមួយដែលលោកចង់ដាស់តឿនស្មារតីកូនខ្មែរឱ្យបានដឹងពីរឿងនេះ និងមេត្តាជួយរក្សានូវប្រពៃណីមរតកដូនតាយើងឱ្យបានគង់វង្ស និងមានការអភិវឌ្ឃទៅកាន់កូនចៅជំនាន់ក្រោយ ដូចអ្វីដែលរូបលោកកំពុងប្រឹងប្រែងផ្សព្វផ្សាយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ