ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
វិស័យរឿងភាគខ្លីៗតាមបណ្ដាញសង្គមចិនបានមើលឃើញសន្ទុះកើនឡើង ២៧០ ភាគរយ និងមានទំហំជាទឹកប្រាក់រហូតដល់ ៥ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈការនិយមទស្សនាមាតិកាតាមស្មាតហ្វូនមានការកើនឡើងកាន់តែខ្លាំង។
រឿងភាគខ្នាតខ្លីតាមបណ្ដាញសង្គមកំពុងផ្លាស់ប្តូរបែបផែននៃការកម្សាន្តរបស់ប្រទេសចិនជាមួយនឹងវគ្គខ្លីៗ សាច់រឿងទាក់ទាញ និងចំណាយការផលិតទាប។
ផ្អែកតាម CCTV នៅឆ្នាំ២០២៣ ទីផ្សាររឿងភាគខ្លីៗអនឡាញរបស់ចិនមានទំហំជាទឹកប្រាក់ប្រហែល ៥,១៨ ពាន់លានដុល្លារអាមេរិក ខណៈមានរឿងភាគខ្លីៗសរុបចំនួន ៥៥៧ ត្រូវបានចុះបញ្ជីជាមួយរដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិ ដែលកើនឡើង ២៦៨ ភាគរយធៀបនឹងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៦,៩ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៤ ។
ខុសពីរឿងភាគទូរទស្សន៍ធម្មតាដែលត្រូវការចំណាយច្រើនក្នុងការផលិត រឿងភាគខ្នាតតូចទាំងនេះត្រូវបានផលិតឡើងដោយចំណាយរយៈពេលថតខ្លីៗ ជាធម្មតាមួយសប្តាហ៍ក្នុងមួយរឿង ហើយការចំណាយពាក់ព័ន្ធការផលិតក៏មានកម្រិតទាបផងដែរ។
លោក Wang Weiwei (វ៉ាងវ៉ីវ៉ី) ស្ថាបនិកក្រុមហ៊ុនផលិតរឿងភាគខ្នាតតូចមួយបាននិយាយថា " មួយក្នុងចំណោមលក្ខណៈពិសេសធំៗនៃរឿងភាគខ្នាតតូចគឺ រឿងទាំងនេះនិយាយអំពីមនុស្សសាមញ្ញ ជារឿងកើតឡើងក្នុងសង្គមពិត ដែលធ្វើឱ្យវាកាន់តែងាយស្រួលឱ្យអ្នកទស្សនាមានអារម្មណ៍ផ្សារភ្ជាប់ជាមួយតួអង្គ ហើយតាមរយៈឥទ្ធិពលអ៊ីនធឺណិត ធ្វើឱ្យរឿងទាំងនេះត្រូវបានចែកចាយទូលំទូលាយ និងអាចកំណត់គោលដៅទស្សនិកជនបានកាន់តែជាក់លាក់”។
ទន្ទឹមនឹងការកើនឡើងនៃបរិមាណ ភាពយន្តភាគខ្នាតតូចទាំងនេះក៏ត្រូវការកែលម្អច្រើនផងដែរ ដើម្បីទទួលបាននិរន្តរភាពរយៈពេលវែង។ ដោយសារតម្រូវការទស្សនាសាច់រឿងថ្មីៗកើនឡើង ក្រុមហ៊ុនផលិតក៏កំពុងឆ្លើយតបដោយផ្តោតលើការផលិតភាពយន្តដែលមានគុណភាពខ្ពស់ ជាមួយប្រធានបទចម្រុះ ក្នុងគោលបំណងរក្សានូវប្រជាប្រិយភាពនៃរឿងភាគអនឡាញ និងទាក់ទាញទស្សនិកជនឱ្យកាន់តែទូលំទូលាយ ៕
ប្រែសម្រួល៖ វ៉ាន់ថន