ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

លេចដំណឹង Lady Gaga និង Celine Dion នឹងឡើងសម្ដែងក្នុងពិធីបើកកីឡាអូឡាំពិក

២៥ កក្កដា ២០២៤ | កម្សាន្ដ

កំពូលតារាចម្រៀងប៉ុប Lady Gaga និង Celine Dion ត្រូវបានរាយការណ៍ថានឹងស្ថិតក្នុងចំណោមតារាល្បីៗដែលនឹងឡើងសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤ នៅថ្ងៃសុក្រនេះ។

 


តារាចម្រៀងម្ចាស់បទ "Bad Romance" និង "Born This Way" Lady Gaga ត្រូវបានគេរំពឹងថានឹងឡើងសម្ដែងក្នុងកម្មវិធីចាប់ផ្តើមការប្រកួតកីឡាអូឡាំពិករដូវក្តៅ បន្ទាប់ពីនាងត្រូវបានគេប្រទះឃើញ នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ។ ទោះយ៉ាងណា អ្នកតំណាងរបស់ Lady Gaga មិនបានឆ្លើយតបភ្លាមៗនោះទេនៅពេលអ្នកកាសែតទាក់ទងសុំបញ្ជាក់ពីព័ត៌មាននេះ។

 


បើទោះជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក្ដី ប៉ុន្តែដំណឹងនៃការចូលរួមសម្ដែងលើកនេះបានធ្វើឱ្យអ្នកគាំទ្រ Lady Gaga រំភើបចិត្ត ខណៈអ្នកគាំទ្រជាច្រើនរំពឹងថានឹងបានឃើញនាងសម្ដែងបទចម្រៀងថ្មីក្នុងកម្មវិធីអូឡាំពិក ដោយមុននេះ Lady Gaga ក៏ធ្លាប់បានបង្ហើបតាមរយៈគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនថានាងកំពុងផលិតបទចម្រៀងថ្មីសម្រាប់អាល់ប៊ុមទី៧របស់ខ្លួន។ 

 


មិនតែប៉ុណ្ណោះ ភាពយន្តខ្នាតធំដែលនាងបានសម្ដែងជាតួឯក គឺរឿង “Joker” វគ្គ២ ដែលអ្នកគាំទ្រភាពយន្តជុំវិញពិភពលោកកំពុងទន្ទឹងរង់ចាំ ក៏ត្រៀមចេញបញ្ចាំងនៅថ្ងៃទី៤ ខែតុលា ខាងមុខនេះផងដែរ។

 

 

ក្រៅពី Lady Gaga តារាចម្រៀងល្បីមួយរូបទៀតគឺម្ចាស់បទ “My Heart Will Go On” Celine Dion (សេលីន ឌីអន) ក៏ត្រូវបានគេរាយការណ៍ថានឹងឡើងសម្ដែងក្នុងព្រឹត្តិការណ៍បើកកីឡាអូឡាំពិកខាងមុខនេះដូចគ្នា ខណៈរូបនាងត្រូវបានគេប្រទះឃើញចេញជួបអ្នកគាំទ្រនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែកក្កដា។

 


សារព័ត៌មានជាច្រើនបានរាយការណ៍ថា Celine Dion អាចនឹងឡើងច្រៀងក្នុងកម្មវិធីនៅថ្ងៃសុក្រនេះ ជាការសម្ដែងសាធារណៈរបស់នាងលើកដំបូង បន្ទាប់ពីត្រូវសម្រាកព្យាបាលជំងឺ និងមិនបានឡើងសម្ដែងសោះចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។

 


ប្រសិនបើនាងចូលរួមពិតមែន ការសម្ដែងនេះនឹងក្លាយជាលើកទីពីរហើយដែលតារាចម្រៀងកាណាដារូបនេះបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក ដោយលើកមុននាងបានសម្តែងនៅទីក្រុងអាត្លង់តា ប្រទេសហ្សកហ្ស៊ី (Georgia) កាលពីឆ្នាំ ១៩៩៦ ។


តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង France 2 (ហ្វ្រេនស៍ ធូ) កាលពីថ្ងៃទី២៣ ខែកក្កដា ប្រធានាធិបតីបារាំង លោក Emmanuel Macron (អ៊ីម៉ានញូអ៊េល ម៉ាក្រុង) បានបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងធ្វើឡើងនៅមាត់ទន្លេ Seine (សេន) ដោយអត្តពលិក និងសិល្បកររាប់ពាន់នាក់នឹងដើរដង្ហែក្បួនតាមដងទន្លេប្រវែង ៦ គីឡូម៉ែត្រ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024