ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

អ្នកចិញ្ចឹមត្រី លើកឡើងថា ពេលនេះ ត្រីចិញ្ចឹមក្នុងស្រុក មានតម្លៃល្អ ប៉ុន្តែចិញ្ចឹមយឺតយ៉ាវ

២៥ កក្កដា ២០២៤ | ព័ត៌មានជាតិ

 


ឥឡូវនេះ កសិករចិញ្ចឹមត្រីក្នុងស្រុក អាចរកប្រាក់ចំណេញបាន ៥០០រៀល ទៅ ១ ០០០រៀល ក្នុង ១គីឡូក្រាម។ នេះជាតម្លៃល្អ ប៉ុន្តែកសិករ បែរជាត្រូវយឺតយ៉ាវ ក្នុងការចិញ្ចឹមទៅវិញ ដោយសារកត្តារាំងស្ងួត។ អ្នកជំនាញ បានផ្ញើសារគន្លឹះ ៣ចំណុច ដល់កសិករចិញ្ចឹមត្រីក្នុងស្រុក គឺត្រូវសិក្សាពីតម្រូវការទីផ្សារ ត្រូវជ្រើសរើសពូជកូនត្រី និងអនុវត្តឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

 


នៅពេលសួរថា តើស្ថានភាពទូទៅក្នុងវិស័យចិញ្ចឹមត្រីក្នុងស្រុកមានសភាពយ៉ាងណា លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករនៅកម្ពុជា បានប្រាប់ PNN តាមតេឡេហ្ក្រាម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះថា កសិករដែលចិញ្ចឹមដោយប្រើចំណីផលិតនៅរោងចក្រ ត្រូវចំណាយថ្លៃដើមផលិតខ្ពស់បន្តិច ប៉ុន្តែឆាប់បានផល ។ ចំណែកកសិករដែលប្រើចំណីផលិតដោយខ្លួនឯង ចំណាយថ្លៃដើមទាបជាងបន្តិច ប៉ុន្តែក៏ត្រូវចំណាយពេលយូរជាងបន្តិចដែរ ។

 

 

ទោះយ៉ាងណាជារួមទៅ ថ្លៃលក់នៅតាមស្រះ គឺលក់ចេញបានតម្លៃខ្ពស់ជាងថ្លៃដើមផលិតពី ៥០០ រៀល ទៅ ១ ០០០ រៀលក្នុងមួយគីឡូហ្ក្រាម ពោលគឺកសិករចិញ្ចឹមត្រី អាចរកប្រាក់ចំណេញបានគួរសមដែរ ។ប៉ុន្តែលោក ឡែមផូរ សុថាវរិទ្ធិ បន្ថែមថា កសិករចិញ្ចឹមត្រីកំពុងប្រឈមនឹងបញ្ហាដ៏សំខាន់មួយ គឺប៉ុន្មានខែចុងក្រោយនេះ កសិករចិញ្ចឹមត្រីត្រូវយឺតយ៉ាវទៅវិញ ដោយសារបញ្ហារាំងស្ងួត ។

 


លោក ឡែមផូរ សុថាវរិទ្ធិ ពន្យល់ថា រាល់ឆ្នាំ ឱ្យតែចុងខែ ៥ ខែ ៦ ឬដើមខែ ៧ រមែងមានទឹកបរិបូរហើយ ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ នេះ គិតត្រឹមចុងខែ ៧ ទៅហើយ នៅតំបន់ក្បែរមាត់បឹងទើបមានទឹក ចំណែកតំបន់ផ្សេងទៀត ឥតមានទឹកទេ បើទោះបីជាមានភ្លៀងធ្លាក់ជាហូរហែមកហើយក៏ដោយ ។ ប្រការនេះ បណ្ដាលឱ្យកសិករដាក់ត្រីយឺតយ៉ាវជាងឆ្នាំទៅម៉ិញ ដែលបានសេចក្ដីថាត្រីដែលកសិករចិញ្ចឹមបាន ក៏នឹងប្រមូលផលយឺតយ៉ាវដូចគ្នាដែរ ។

 


ទោះយ៉ាងនេះក្ដី លោក ឡែមផូរ សុថាវរិទ្ធិ ក្នុងនាមសមាគមវារីវប្បករនៅកម្ពុជា ពោលគឺតំណាងកសិករចិញ្ចឹមត្រីនៅទូទាំងប្រទេសកម្ពុជា នៅតែអំពាវនាវដល់អ្នកប្រមូលផលត្រីក្នុងស្រុក និងសាធារណជនទូទាំងប្រទេស មេត្តបន្តគាំទ្រត្រីដែលចិញ្ចឹមក្នុងស្រុកបន្តទៀត ដើម្បីជំរុញវិស័យចិញ្ចឹមត្រីក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ឈានទៅគ្រប់គ្រងទីផ្សារក្នុងស្រុកបានទាំងស្រុង ។

 


កត្តាដ៏សំខាន់បំផុតមួយទៀត លោក ឡែមផូរ សុថាវរិទ្ធិ បានផ្ញើសារដល់កសិករដែលមានបំណងចិញ្ចឹមត្រី ៣ ចំណុចគឺ ទី១. មុននឹងដាក់កូនត្រី ត្រូវសិក្សាអំពីតម្រូវការទីផ្សារឱ្យបានច្បាស់លាស់ ,ទី២ ត្រូវជ្រើសរើសពូជកូនត្រីឱ្យបានត្រឹមត្រូវ គឺតោងតែទិញពូជកូនត្រីដែលមានប្រភពច្បាស់លាស់ ចៀសវាងទិញកូនត្រីគ្រាន់តែមានតម្លៃទាប ប៉ុន្តែពុំមានប្រភពត្រឹមត្រូវ នោះធ្វើឱ្យការចិញ្ចឹមមិនធំ នាំឱ្យខាតបង់ ហើយទី៣ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដ្បិតការអនុវត្តតាមបច្ចេកទេសអាចកាត់បន្ថយហានិភ័យ ៕
 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ ( Fish-Good-Price )

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024