ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

 ស៊ីន យូប៊ី  មានមហិច្ឆតាចង់ផលិត Action  Movie ដោយផ្ទាល់ដៃប្រសិនបើមានលទ្ធភាព 

២៤ កក្កដា ២០២៤ | កម្សាន្ដ

 

តារាសម្តែងដ៏មានប្រប្រិយភាពប្រចាំនៅស្ថានីយ៍ទូរទស្សន ភីអិនអិន កញ្ញា ស៊ីន យូប៊ីន មានបំណងនឹងសម្តែង ឬផលិត Action Movie ដោយផ្ទាល់ដៃ ប្រសិនបើមានលទ្ធភាពនាថ្ងៃខាងមុខ ។ 

 

 

ស្របពេលកំពុងល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស កញ្ញា ស៊ីន យូប៊ីន មានមហិច្ឆតាចង់ផលិត Action  Movie ដោយផ្ទាល់ដៃ ដើម្បីផ្លាស់ប្តូររសជាតិថ្មីក្នុងវិស័យភាពយន្ត ។ 

 

 

តារាសម្ដែងស្រីឆ្នើមរូបនេះ មិនត្រឹមតែជាតារាសម្តែងស្រីដែលបាននាំ កម្ពុជា ទៅលើឆាកអន្តរជាតិជាច្រើនលើកច្រើនសារនោះទេ នាងថែមទាំងទទួលបានពានរង្វាន់ជាច្រើននៅក្រៅប្រទេសផងដែរ ។ 

 

 

សម្រាប់វិស័យសម្តែងអាចនិយាយបានថា ស៊ីន យូប៊ីន ឆ្អិន និង ខ្លាំងមិនធម្មតាទេ មិនថាភាពយន្តបែបណាគឺនាងធ្លាប់ឆ្លងកាត់ការសម្តែងរាប់មិនអស់ ។ ជាមួយគ្នានេះកញ្ញា ស៊ីន យូប៊ីន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ប្រសិនបើមានលទ្ធភាព ឬ មានឱកាសល្អ នាងគ្រោងសម្តែង និង ផលិតភាពយន្ត Action Movie ដោយផ្ទាល់ដៃ បន្ទាប់ពីបានជួប និងក្រេបនូវបទពិសោធថ្មីៗពីអ្នកជំនាញនៅ ហុងកុង ។ 

 


កញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់បន្ថែមផងដែរថា ប្រសិនបើចង់ឱ្យភាពយន្តមួយជោគជ័យ ហើយ ល្បី យើងត្រូវស្វែងរកអ្វីដែលថ្មី មិនត្រូវធ្វើអ្វីដដែលនោះទេ ។ តារាសម្ដែងល្បីឈ្មោះខាងលើ នៅពុំទាន់មានស្នាដៃថ្មីដើម្បីបង្ហាញមហាជននៅឡើយទេ បន្ទាប់ពីស្នាដៃរឿង « បណ្តាសានាងរាត្រី » ដែលបានល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ។ តែទោះជាយ៉ាងណា ស៊ីន យូប៊ីន ត្រៀមនឹងបង្ហាញវត្តមានថ្មីនៅក្នុងភាពយន្តថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ជាបន្តបន្ទាប់ ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024