ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យសិល្បករ ចូលរួមសម្តែង ក្នុងការប្រគំតន្ត្រីអបអរពិធីបើកការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” នៅកោះពេជ្រ

២៣ កក្កដា ២០២៤ | ព័ត៌មានជាតិ

 


រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគុំតន្ត្រី នៅថ្ងៃទី៥ ខែសីហា ដើម្បីអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ក្នុងបរិវេណកោះពេជ្រ។ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់សិល្បករ-សិល្បការិនី ចូលរួមសម្តែង និងបញ្ចេញទេពកោសល្យ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ។

 


រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យសិល្បករ-សិល្បការិនី ចូលរួមសម្តែង និងបញ្ចេញទេពកោសល្យ នៅក្នុងការប្រគំតន្ត្រីអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅក្នុងបរិវេណកោះពេជ្រ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ។

 


ការប្រគំតន្ត្រីនឹងចាប់ពីវេលាម៉ោង៤រសៀលតទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំ កម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បករ-សិល្បការិនី នឹងចូលរួមការប្រគំតន្ត្រីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែមហោឡារិក និងប្រកបដោយមោទនភាពជាតិចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ដែលកើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ។

 


គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ គម្រោងព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារ និងគ្រោងបើកការដ្ឋានជាផ្លូវនឹងធ្វើឡើងនាវេលាម៉ោង៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

 


នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគុំតន្ត្រីដោយគ្រោងអ្នកចូលរួមប្រមាណ១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕
 

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024