ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

យុវជនពិការឆ្នើម ៤នាក់ ផ្នែកព័ត៌មានវិទ្យា នឹងទៅប្រកួតកម្រិតពិភពលោក ក្រោយពីជម្រុះថ្នាក់ជាតិ

១៨ កក្កដា ២០២៤ | ព័ត៌មានជាតិ

 


យុវជន ជាជនមានពិការភាព ឆ្នើម ៤នាក់ ផ្នែកព័ត៌មានវិទ្យារបស់កម្ពុជា នឹងទៅប្រកួតកម្រិតពិភពលោក បន្ទាប់ពីចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងជម្រុះរាប់សិបនាក់។ យុវជនមានពិការភាពឆ្នើមទាំង ៤នាក់នេះ ទទួលបានការលើកទឹកចិត្តច្រើនពីថ្នាក់ដឹកនាំ។

 


ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជា បានរៀបចំប្រកួត ជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់អន្តរជាតិ" ផ្នែកព័ត៌មានវិទ្យាជាសកល សម្រាប់យុវជនមានពិការភាពឆ្នាំ២០២៤ ដោយសម្រាំងយកយុវជនឆ្នើមបំផុតចំនួន ៤រូប ដើម្បីហ្វឹកហ្វឺន និងបំប៉នបន្ថែមត្រៀមទៅប្រកួតកម្រិតពិភពលោក នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី០៣-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

 


លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាពនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការលើកឡើងថា កន្លងទៅ យុវជនពិការឆ្នើមដែលទទួលបានមេដាយ បានទទួលបានអត្ថប្រយោជនជាច្រើន ដោយពួកគាត់ ត្រូវបានផ្តល់កិត្តិយសឱ្យចូលជួបសម្តែងការគួរសមយ៉ាងល្អពីអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងកាន់តែពិសេស ពួកគាត់ទទួលបានឱកាសមួយទៀត គឺទទួលបានក្របខ័ណ្ឌការងារ។
  


លោក ឈន អក្ខរា បានបន្ថែមទៀថា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការលើគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព ហើយតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិការ ជាពិសេសជំរុញជនពិការវិវត្តន៍ខ្លួនផ្នែកព័ត៌មានវិទ្យា ដើម្បីឈានទៅប្រកួតថ្នាក់អន្តរជាតិ។

 


យុវជន បូ វិសាល ជាយុវជនដែលមានចំណាត់ថ្នាក់ល្អក្នុងការប្រឡងថ្នាក់ជាតិ ហើយបានបន្តមកប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់អន្តរជាតិ បានសម្តែងអារម្មណ៍សប្បាយរីករាយនៅពេលមកដល់វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់អន្តរជាតិ ហើយលោក ពិតជាមានមោទនភាពណាស់ដែលជនពិការដូចលោកទទួលបានឱកាសជាបន្តបន្ទាប់។

 


សូមជម្រាបថា ការប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់អន្តរជាតិ" ផ្នែកព័ត៌មានវិទ្យាជាសកលសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៤ នឹងចម្រាញ់ចេញពីបេក្ខជន១៧នាក់យកតែ៤នាក់ដែលបានពិន្ទុខ្ពស់ជាងគេ ដើម្បីហ្វឹកហ្វឺនបន្ថែមបន្តទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រថ្នាក់អន្តរជាតិដោយផ្ទាល់។
គិតមកដល់ឆ្នាំ២០២៤ នេះកម្ពុជាទទួលបានមដាយចំនួន ២៨គ្រឿង ក្នុងនោះមេដាយមាស ៨គ្រឿង ប្រាក់ ៧គ្រឿង និងសំរិទ្ធិ ១៣គ្រឿងរួចមកហើយ៕
 

 

 

 

អត្ថបទ៖ តុល សុភ័ណ    រូបភាព៖ ឆិល សុភ័ស្ត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024