ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥

បំណុលសាធារណៈរបស់កម្ពុជា ឈានដល់ជាង ១១ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី ១ ឆ្នាំ២០២៤

១៨ កក្កដា ២០២៤ | សេដ្ឋកិច្ច

 

ក្នុងក្របខណ្ឌបំណុលសាធារណៈ គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៤ កម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១១,០៩ពាន់លានដុល្លារអាមេរិក ក្នុងនោះ ១១ពាន់លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

 

 

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខទី ២២ ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ថែមទៀតថា ចំពោះបំណុលសាធារណៈក្រៅប្រទេសគឺ ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៤% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៦%។

 


នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានា ក្នុងចំនួនទឹកប្រាក់សរុបចំនួន ១៤០លានដុល្លារអាមេរិក ស្មើនឹង ៦% នៃពិដានដែលច្បាប់អនុញ្ញាត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានការថយចុះ ៧១។

 


គោលដៅនៃឥណទានថ្មីនេះ គឺប្រើប្រាស់សម្រាប់ បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

 


នៅក្នុងត្រីមាសទី ១ រាជរដ្ឋាភិបាលកម្ពុជា បានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១៤១លានដុល្លារអាមេរិក ប្រើប្រាស់ជាក់ស្តែងទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៨៨% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ១២%។

 


យ៉ាងណាក៏ដោយ បើតាមព្រឹត្តិបត្រខាងលើ បានបញ្ជាក់ថា ស្ថានភាពបំណុលសាធារណៈរបស់ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន «ចីរភាព» និងមាន «ហានិភ័យទាប»៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025