ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត តម្លៃជាង៤ពាន់លានដុល្លារ បានបញ្ចប់ការសិក្សាទីតាំងភូមិសាស្ត្រជាផ្លូវការហើយ

១៨ កក្កដា ២០២៤ | សេដ្ឋកិច្ច

 

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត តម្លៃជាង៤ពាន់លានដុល្លារ ត្រូវបានក្រសួងសាធារណៈការ  ប្រកាសបញ្ចប់ការសិក្សាទីតាំងភូមិសាស្ត្រជាផ្លូវការហើយ ដោយស្ថិតក្រោមការវិនិយោគពីក្រុមហ៊ុនCRBC  ។

 

 

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ ៤២០គ.ម មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ) បានបញ្ចប់ការសិក្សាទីតាំងភូមិសាស្ត្រជាផ្លូវការហើយ។ក្រសួង បានឲ្យដឹងទៀតថាគម្រោងផ្លូវល្បឿនលឿននេះឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ ខេត្តសៀមរាប និងបន្ទាយមានជ័យ ។

 

 

មកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ សិក្សាជលសាស្ត្រ ការសិក្សាភូគព្ភសាស្ត្រ ការសិក្សាវាស់ស្ទង់ ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ។បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនាពេលនាខាងមុខ។

 


គួរបញ្ជាក់ថា ក្រុមហ៊ុនCRBC ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគសាងសង់គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុនមានបទពិសោធន៍ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្មលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងបាន និងកំពុងវិនិយោគសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិតផងដែរ។

 


ជាបច្ចេកទេសផ្លូវនេះដូចគ្នានិងគម្រោងផ្លូវល្បឿនលឿនទាំង រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ-ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម. មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្លង(២គន្លងទៅ២គន្លងមក)។គម្រោងនេះ ត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ ២.៥ប៊ីលាន  និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គ.ម  ចំណាយថវិកាប្រមាណ១.៧ប៊ីលាន៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025