ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ដ្បិតមិនមានការប្រកួតប្រជែងខ្នាតធំដូចពេលមុនៗ ក៏ប៉ុន្តែ Miss Universe Cambodia 2024 បានចម្រាញ់យកបេក្ខភាពឆ្នើមៗពោរពេញដោយសមត្ថភាពដើម្បីប្រជែងយកមកុដឆ្នាំនេះ កំពុងអង្រួនអារម្មណ៍ខ្លាំងសម្រាប់មហាជនជាអ្នកស្រលាញ់វិស័យបវរកញ្ញានៅ កម្ពុជា។
បេក្ខភាពពោរពេញដោយសម្រស់ និងសមត្ថភាពទាំង ៥រូបក្នុងការដណ្តើមមកុដ Miss Universe Cambodia 2024 រួមមាន៖ អ្នកនាង MEALYANN SAING ជា Miss Cambodian American 2016, កញ្ញា ឆន ស្រីណេត អតីតជយលាភីលំដាប់រងទី១ កម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២១ ,អ្នកនាង ប្រាសាទ ដាវីន អតីតជយលាភីលំដាប់រងទី៤ កម្មវិធី Universal Woman 2023 និងជា ND នៃកម្មវិធី Universal Woman Cambodia 2024 , កញ្ញា ហង្ស សូរិយាន់ អតីតជយលាភីលំដាប់រងទី១ កម្មវិធី Miss Grand Cambodia 2022 និងកូនកាត់ខ្មែរ-បារាំង កញ្ញា ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ (Khemma Metayer) អតីត ជយលាភីលំដាប់រងទី១ កម្មវិធី Miss Supranational Cambodia 2023។
សមាសភាព Top5 ខាងលើនេះ បានធ្វើឱ្យហ្វេនៗរំជួលចិត្តជាខ្លាំង ព្រោះពួកគេសុទ្ធសឹងជាបេក្ខភាពដែលមានសមត្ថភាព ទេពកោសល្យ និងជាមានឆន្ទៈមុតមុះក្នុងការប្រកួតប្រជែង។ តែយ៉ាងណាក្នុងចំណោមអ្នកទាំង ៥រូប គឺមានតែម្នាក់ប៉ុណ្ណោះ ដែលក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2024 នឹងបានតំណាងប្រទេសកម្ពុជាទៅប្រកួតកម្មវិធី Miss Universe 2024 នៅប្រទេសម៉ិចស៊ីកូ នាចុងឆ្នាំនេះ។
ទាំងនេះក្រោយពីការទន្ទឹងរង់ចាំជាយូររបស់អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាបានខិតជិតមកដល់ហើយ ក្រោយទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia គ្រប់គ្រងដោយ លោក ឈួង យីវឆូយ ជា National Director ថ្មីនៃកម្មវិធី Miss Universe Cambodia បង្ហាញមុខបេក្ខភាពអាថ៌កំបាំង Top5 ក្នុងវគ្គ Closed Door Casting និងការសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការជំនាញ។
ស្របពេលដែលអ្នកស្នេហាវិស័យបវរកញ្ញាកំពុងញាប់ញ័រចង់ដឹងពីថា នរណាជាម្ចាស់មកុដ Miss Universe Cambodia 2024? ទំព័រហ្វេសប៊ុក MUC មិនបង្អង់យូរ ក៏បង្ហោះរូបភាពស្រមោលពណ៌ខ្មៅនៃរាជនីសម្រស់ដែលអាចក្តោបក្តាប់មកុដដ៏មានតម្លៃនេះ។
ហ្វេនៗ និងអ្នកគាំទ្រវិស័យ beauty pageant បានយកស្រមោលពណ៌ខ្មៅនេះទៅប្រៀបធៀបជាមួយរាជនីសម្រស់ទាំង ៥រូបដែលចូលរួមធ្វើ Closed Door Casting ដើម្បីស្វែងរកស្ត្រីដ៏មានឥទ្ធិពលនៃចក្កវាឡកម្ពុជាឆ្នាំ២០២៤។
ក្នុងនោះ ប្រាសាទ ដាវីន បានក្លាយជាមុខព្រួញដ៏ស្រួចនៃការផ្គូរផ្គង់ប្រៀបធៀបរបស់ហ្វេនៗ ដោយសម្អាងលើភិនភាគ និងទម្រង់នៃស្រមោលពណ៌ខ្មៅដែលមើលទៅស្រដៀងគ្នាខ្លាំងនឹងរូបរាងរបស់ ប្រាសាទ ដាវីន តែម្តង។ទោះជាយ៉ាងនេះក្តី គេនៅពុំទាន់ដឹងថា ស្ត្រីដ៏មានឥទ្ធិពលរូបណាជាម្ចាស់នៃស្រមោលពណ៌ខ្មៅនោះឡើយ? មានតែរង់ចាំអ៊ុតមើលភាពអស្ចារ្យនៃចក្កវាឡកម្ពុជា ដែលស្ថាប័នគ្រប់គ្រង MUC 2024 ត្រៀមបង្ហាញក្នុងខែកក្កដានេះ!
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក