ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥
តារាចម្រៀងសម្លេងស្អកលោក ហួរ ឡាវី វ័យកាន់តែជ្រេក៏ប៉ុន្តែលោកនៅអាចច្រៀងបានយ៉ាងពិរោះរណ្តំចិត្តដូចដើម្បីរកប្រាក់ចិញ្ចឹមជីវិត ដោយគ្មានជម្រើសណាល្អក្រៅពីអាជីពនេះ ។
តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ហួរ ឡាវី នៅតែអះអាងថា លោកអាចច្រៀងចម្រៀងបានពិរោះរណ្តំចិត្តដូចកាលពីលោកនៅក្មេងដដែល ប៉ុន្តែអ្វីដែលលោកស្តាយនោះ គឺស្ថិតក្នុងវ័យ ៧៩ ឆ្នាំឆ្នាំលោកនៅពុំទាន់មានឱកាស ឬ គម្រោងដើម្បីផលិតបទចម្រៀងថ្មីដែលជាស្នាដៃរបស់ខ្លួន ដើម្បីទុកតកូនចៅជំនាន់ក្រោយនៅឡើយទេ ។
តារាចម្រៀងសម្លេងស្អករូបនេះ បានចាប់ផ្តើមល្បីឈ្មោះនៅអំឡុងឆ្នាំង ១៩៩៣ បន្ទាប់ពីលោកបានចេញបទចម្រៀង « អាណែតមាសបង » « សែនអាល័យ » និង បទ « ឱ្យបងសុំស្រឡាញ់ផង » ។ នាពេលនោះបទចម្រៀងរបស់លោកមិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីតែនៅក្រៅប្រទេសក៏មានអ្នកគាំទ្រច្រើនផងដែរ ដែលធ្វើឱ្យមានឱកាសបានចេញទៅសម្តែងនៅក្រៅប្រទេសញឹកញាប់បំផុត ។
ជួបជាមួយលោក ហួរ ឡាវី កាលពីពេលថ្មីៗនេះ លោកបានបញ្ជាក់ប្រាប់ថា លោកនៅតែប្រើសម្លេងដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ដោយបច្ចុប្បន្ននេះលោកច្រៀងប្រចាំនៅក្នុងភោជនីយដ្ឋានមួយកន្លែង ទោះបីជាវ័យរបស់លោកច្រើនក៏ពិតមែន តែលោកនៅតែអាចច្រៀងបានយ៉ាងពិរោះ មិនចាញ់កាលពីលោកនៅក្មេងឡើយ ។
កាលពីឆ្នាំមុនលោក ហួរ ឡាវី ក៏បានចេញបទចម្រៀងថ្មីមួយបទជាមួយតារាចម្រៀងរ៉េបលោក ជី ដេវីត ដែលមានចំណងជើងថា « ឱសង្សារបងអើយ » ដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ប៉ុន្តែមកទល់ពេលនេះលោកនៅពុំទាន់មានស្នាដៃថ្មីសម្រាប់ខ្លួនឯងនៅឡើយទេ ។
ចំពោះរឿងនេះលោក ហួរ ឡាវី បានឱ្យដឹងផងដែរថា លោកអាយុច្រើនហើយ មិនមានថវិការច្រើនដើម្បីធ្វើបទចម្រៀងខ្លួនឯទេ ណាមួយលោកភ្លេចភ្លាំងច្រើន ប៉ុន្តែក្នុងចិត្តលោកចង់ធ្វើបទចម្រៀងជាច្រើនដើម្បីទុកជាស្នាដៃមុនចូលនិវត្តន៍ ។
លោក ហួរ ឡាវី បានបណ្តុះកូនស្រីជាទីស្រឡាញ់របស់លោកគឺកញ្ញា វី ឌីណែត ឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសិល្បៈផងដែរ លោកពិតជាមានមោទនភាពខ្លាំងចំពោះកូនស្រីម្នាក់នេះ ដូចមហាជនដឹងស្រាប់ហើយថា កញ្ញា វី ឌីណែត មិនត្រឹមតែមានទឹកដមសម្លេងល្អប៉ុណ្ណោះទេ នាងថែមទាំងអាចច្រៀងបទចម្រៀងបានគ្រប់ទម្រង់ ទាំងភាសា ខ្មែរ និង ភាសា អង់គ្លេស មិនចាញ់ឪពុករបស់ខ្លួនឡើយ នាងគឺជាគ្រាប់ពេជ្ររបស់លោក ហួរ ឡាវី ដែលអាចស្នងតំណែងពីលោកបាន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក