ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជាក់ថា ប្រទេសថៃ មានបំណងសម្រេចបាននូវ កំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ៣% នៅឆ្នាំនេះ ដោយស្វែងរកការទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមទៀត និងពន្លឿនការវិនិយោគសាធារណៈ និងឯកជន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។ កំណើនសេដ្ឋកិច្ចថៃ មានភាពយឺតយ៉ាវ ដោយសារប្រឈមមុខនឹង បញ្ហាបំណុលគ្រួសារខ្ពស់ និងការចំណាយលើការខ្ចីប្រាក់ រួមជាមួយការងើបឡើងវិញយឺតរបស់ប្រទេសចិន។
កាលពីឆ្នាំមុន សេដ្ឋកិច្ចថៃ មានកំណើន ១,៩% ជាមួយនឹងកំណើនប្រចាំឆ្នាំជាមធ្យម ១,៧% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសថៃ គ្រោងនឹងបង្កើនចំនួនភ្ញៀវទេសចរបរទេសនៅឆ្នាំនេះដល់ជិត ៣៧លាននាក់ ដើម្បីជួយដល់សេដ្ឋកិច្ច។លោក បន្តថា រដ្ឋាភិបាលចង់ចំណាយយ៉ាងហោចណាស់ ៧០% នៃថវិកាវិនិយោគឆ្នាំ ២០២៤ ដែលត្រូវបានបញ្ចេញនៅចុងឆ្នាំសារពើពន្ធ ត្រឹមខែកញ្ញា ហើយការវិនិយោគឯកជន ក៏នឹងត្រូវបានពន្លឿនផងដែរ។
ជាក់ស្តែង សេដ្ឋកិច្ចថៃ ត្រូវបានរំពឹងថានឹងកើនឡើងត្រឹមតែ ២,៥% នៅឆ្នាំនេះ ប៉ុន្តែបើតាមទស្សនៈរបស់លោករដ្ឋមន្រ្តី គឺថា វាគួរតែកើនឡើងយ៉ាងហោចណាស់ ៣,៥% ក្នុងឆ្នាំនេះ។សូមជម្រាបថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ នឹងពិភាក្សាជាមួយធនាគារកណ្តាលថៃ ដើម្បីសុំឱ្យធនាគារពាណិជ្ជ ជួយក្នុងការទទួលបានឥណទានសម្រាប់អ្នកខ្ចី ខណៈ ធនាគារកណ្តាលថៃ ត្រូវបានគេរំពឹងថា នឹងរក្សាអត្រាគន្លឹះរបស់ខ្លួន ឱ្យមានស្ថិរភាពនៅកម្រិតខ្ពស់ ២,៥%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ