ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥

Jungkook បង្កើតប្រវត្តិសាស្ត្រខណៈបទថ្មីជាប់លេខ១ ជាង ១០០ប្រទេស

១១ មិថុនា ២០២៤ | កម្សាន្ដ

 

សមាជិក BTS Jungkook បានវាយលុកតារាងចម្រៀងពិភពលោកម្តងទៀតតាមរយៈបទថ្មី “Never Let Go” ដែលជាស្នាដៃនិពន្ធទាំងបទភ្លេងនិងទំនុកច្រៀងដោយរូបគេផ្ទាល់។

 


កាលពីថ្ងៃទី៧ ខែមិថុនា តារាចម្រៀងកូរ៉េ Jungkook បានចេញបទចម្រៀងថ្មី "Never Let Go" ដើម្បីបង្ហាញពីការដឹងគុណរបស់ខ្លួនចំពោះសមាជិក ARMYs ដែលជាក្រុមអ្នកគាំទ្រ BTS។ ភ្លាមៗបន្ទាប់ពីចេញផ្សាយ បទចម្រៀងពិសេសនេះបានបង្ហាញខ្លួននៅលេខ ១ នៅលើតារាងបទចម្រៀង iTunes ទូទាំងពិភពលោក ហើយនៅតែឈរនៅលេខ ១ រហូតចំនួន ៣ថ្ងៃជាប់គ្នា។

 


គិតត្រឹមថ្ងៃទី ១០ ខែមិថុនា បទ "Never Let Go" បានក្លាយជាបទចម្រៀងកូរ៉េទី១ ក្នុងឆ្នាំ២០២៤ ដែលបានជាប់លេខ ១ លើតារាង iTunes សរុបចំនួន ១០២ ប្រទេស រួមទាំងប្រទេសដែលជាទីផ្សារតន្ត្រីធំៗដូចជា៖ អូស្ត្រាលី ប្រេស៊ីល បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ដោយអាចបំបែកកំណត់ត្រាបទ "FRI(END)S" (ហ្វ្រេនស៍) របស់ V ដែលជាសមាជិករួមក្រុម ដែលបានជាប់ចំណាត់ថ្នាក់លេខ១ នៅចំនួន ១០០ ប្រទេស។

 


ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលសមាជិកកូនពៅ BTS អាចសម្រេចបានសមិទ្ធិផលអស្ចារ្យនេះ ខណៈនេះជាបទចម្រៀងទោលទី ៧ ហើយរបស់គេដែលអាចជាប់លេខ ១ នៅច្រើនជាង ១០០ ប្រទេស។

 


កំណត់ត្រាកន្លងមករបស់ Jungkook មានដូចជាបទ “Seven” អាចជាប់លេខ១ នៅ ១១៥ ប្រទេស បទ “Stay Alive” និង “3D” អាចជាប់លេខ១ នៅ ១១០ ប្រទេស រួមទាំងបទផ្សេងៗទៀតដូចជា បទ “Dreamers” ដែលរូបគេបានច្រៀងសម្រាប់កម្មវិធី FIFA World Cup ឆ្នាំ២០២២ បទ “My Time” និងបទ “Left and Right” ដែលគេបានច្រៀងជាមួយ Charlie Puth ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025