ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
កាលពីថ្មីៗនេះ តារាស្រីជួរមុខកូរ៉េខាងត្បូង Bae Suzy (បេ ស៊ូជី) បានផ្ដល់បទសម្ភាសជាមួយទស្សនាវដ្ដី Wikitree (វីគីទ្រី) ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់ខ្លួនមានចំណងជើងថា 'Wonderland' ហើយក៏បានចែករំលែកខ្លះៗអំពីទស្សនៈជីវិតរបស់នាងនាពេលបច្ចុប្បន្ន។
ក្រោយបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងស្រី Miss A នៃផលិតកម្ម JYP Entertainment ក្នុងឆ្នាំ ២០១០ Suzy បានចាប់ផ្ដើមការសម្ដែងដំបូងតាមរយៈរឿងភាគ 'Dream High Season 1' នៅឆ្នាំបន្ទាប់។ បន្ទាប់ពីក្រុម Miss A ត្រូវបានរំសាយនៅឆ្នាំ ២០១៧ នាងបានបន្តអាជីពជាតារាទោល ប៉ុន្តែបានផ្តោតលើការសម្ដែងច្រើនជាងច្រៀង។
ក្នុងខួបគម្រប់ ១៤ឆ្នាំនៃការបង្ហាញខ្លួនដំបូង Suzy បានប្រាប់ថានាងពេញចិត្តនឹងជីវិតជាតារាសម្ដែងនាពេលបច្ចុប្បន្នជាង បើធៀបនឹងពេលដែលនាងធ្វើជាតារាខេប៉ុប។ តារាវ័យ ២៩ឆ្នាំរូបនេះនិយាយថា កាលនៅក្មេង នាងគ្មានពេលសម្រាកលំហែនោះទេ ខណៈអាជីពរបស់នាងមានការប្រកួតប្រជែងខ្ពស់ខ្លាំង។
ការចងចាំរបស់នាងពាក់ព័ន្ធនឹងពេលនោះគឺគ្មានអ្វីក្រៅពីការធ្វើការ និងការប្រឹងប្រែងតស៊ូនោះទេ ប៉ុន្តែដោយសារតែធ្លាប់ឆ្លងកាត់ការលំបាកទាំងអស់នោះរួចហើយ ទើបធ្វើឱ្យជីវិតរបស់នាងបានធូរស្រាលច្រើននាពេលបច្ចុប្បន្ន។
សម្រាប់ស្នាដៃថ្មីគឺភាពយន្ត “Wonderland” Suzy បានចាប់ដៃគូជាមួយតារាសម្ដែង Park Bo Gum ដោយសាច់រឿងនិយាយពីនារីម្នាក់ដែលបានប្រើប្រាស់សេវាក្រុមហ៊ុន AI មួយដើម្បីអាចមានទំនាក់ទំនងជាមួយមិត្តប្រុសរបស់ខ្លួនដែលបានស្លាប់ម្ដងទៀត ៕
ប្រែសម្រួល៖ វ៉ាន់ថន