ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤
ពិតជាពិសេសអស្ចារ្យខ្លាំងណាស់ សម្រាប់ដំណើរទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា លើកដំបូងរបស់ Miss Universe 2023 Sheynnis Palacios និងថ្នាក់ដឹកនាំអន្តរជាតិ ដោយបានចូលរួមផ្សព្វផ្សាយទាំងវប្បធម៌ និងការងារសប្បុរធម៌ និងអបអរការប្រកាសតែងតាំង លោក ឆយ ជាអ្នកគ្រប់គ្រងថ្មីនៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចលើកដំបូងរបស់ Miss Universe 2023 Sheynnis Palacios មកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយបទពិសោធន៍ និងអនុស្សាវីរយ៍ល្អៗច្រើនរាប់អស់ ដោយបវរកញ្ញារូបស្រស់នេះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរប៉ុណ្ណោះទេ នាងថែមទាំងបានចូលរួមធ្វើការងារសប្បុរសធម៌ផ្សេងៗថែមទៀតផង ដែលនេះជាភាពចំណេញសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីខេត្តដ៏មានសក្កានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ ពិសេសការគ្រងឈុតអប្សរានៅមុខប្រាសាទអង្គរវត្ត និងការទស្សនកិច្ចតំបន់អេកូទេសចរណ៍ រួមទាំងការភ្លក់ម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់។
វត្តមាន Miss Universe 2023 និងថ្នាក់ដឹកនាំកម្មវិធី Miss Universe នៅទឹកដីកម្ពុជាអច្ឆរិយៈ ក៏ដើម្បីប្រកាសតែងតាំង លោក ឆយ ជាអ្នកគ្រប់គ្រងថ្មីនៅកម្ពុជា រួមទាំងការប្រកាសផ្តល់សិទ្ធិលើការផលិតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២៤ និងការបញ្ចូនបេក្ខភាពតំណាងឲ្យកម្ពុជាចូលរួមប្រកួតតជាផ្លូវការក្នុងកម្មវិធីសម្រាប់ឆ្នាំ២០២៤នេះផងដែរ។
អ្វីកាន់តែពិសេស គ្រាន់តែឈានជើងដល់ទឹកដីកម្ពុជាភ្លាម កញ្ញា Sheynnis បានចំណាយពេលទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ដែលនេះជាកាដូដ៏អស្ចារ្យសម្រាប់នាង ព្រោះវាធ្វើឱ្យនាងមានអារម្មណ៍ថា ប្រៀបបីដូចជាផ្ទះរបស់នាងដូច្នោះដែរ។ជាកិត្តិយសដ៏ធំធេង Miss Universe 2023 បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនក្នុងដំណើរទស្សនកិច្ចមកកម្ពុជាជាលើកដំបូងយ៉ាងដូច្នេះថា៖
បន្ទាប់ពីបានឮការលើកឡើងខាងលើ លោក ឆយ ដែលជាអ្នកគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២៤ (Miss Universe Cambodia 2024) បានថ្លែងនូវអារម្មណ៍រំភើបពេលដឹងថា ម្ចាស់មកុដ Miss Universe 2023 និងថ្នាក់ដឹកនាំកម្មវិធីអន្តរជាតិពេញចិត្តនូវការរៀបចំទទួលស្វាគមន៍ និងរឹតតែរំភើបខ្លាំងដែលលោកមានឱកាសទទួលបានសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Universe Cambodia 2024។ លោកមានសេចក្តីសោមនស្សរីករាយ និងមោទនភាពជាខ្លាំងក្នុងការប្រកាសប្រាប់ប្រជាជនកម្ពុជា និងបណ្តាហ្វេនៗឱ្យដឹងពីថា ឆ្នាំនេះលោកនឹងចម្រាញ់យកបេក្ខភាពដ៏មានគុណភាពសម្រាប់បញ្ជូនទៅប្រកួត Miss Universe 2024 ដោយសង្ឃឹមថា បេក្ខភាពឆ្នាំនេះនឹងអាចជួយបើកទ្វារបើកប្រវត្តិសាស្ត្រឱ្យកម្ពុជាឈានចូលទៅវគ្គកំពូលណាមួយលើវេទិកា Miss Universe។
ក្នុងនោះផងដែរ អ្នកនាង ប្រាសាទ ដាវីន អ្នកជួយសម្របសម្រួលដំណើរទស្សនកិច្ចរបស់ម្ចាស់មកុដ Miss Universe 2023 បានបង្ហាញក្តីរំភើបដែល Sheynnis ស្ងើចសរសើរពីអត្តសញ្ញាណជាតិខ្មែរ និងពេញចិត្តដំណើរទស្សនិកច្ចមកកាន់កម្ពុជាលើកនេះ ថែមទាំងបង្ហើបថាចង់នាំក្រុមគ្រួសារមកលេងកម្ពុជាទៀតផង។ លើសពីនេះ អ្នកនាងក៏រៀបរាប់ឱ្យដឹងពីការចុះមកសាកសួរសុខទុកទារកដែលមានបញ្ហាមាត់ឆែមពីកំណើតកំពុងសម្រាក និងរងចាំការវះកាត់ពីអង្គការ Smile Cambodia នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបផងដែរ។
តាមរយៈការចែករំលែកបទពិសោធន៍ផ្សេងៗពី Miss Universe 2023 Sheynnis Palacios និងថ្នាក់ដឹកនាំអន្តរជាតិ លោក ឆយ អ្នកគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២៤ និង អ្នកនាង ប្រាសាទ ដាវីន សង្ឃឹមថា កម្ពុជាយើងនឹងអាចបើកទ្វារប្រវត្តិសាស្រ្តចូលក្នុងវគ្គ Top ណាមួយបាន ព្រោះគ្រប់គ្នាមើលឃើញពីសក្កានុពល និងភាពអស្ចារ្យរបស់កម្ពុជា រួមទាំងសម្បិត្តវប្បធម៌ដ៏ផូរផង់សម្រាប់បង្ហាញទៅកាន់ពិភពលោកទាំងមូល៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក